(កណ្ដាល)៖ គូស្នេហ៍អនីតិជនមួយគូបានព្រមព្រៀងគ្នាទៅដេកនៅក្នុងផ្ទះសំណាក់មួយយប់ទល់ភ្លឺ និងបានរួមភេទ៣ដងក្នុងមួយយប់។ ប៉ុន្តែទោះបីយ៉ាងណា ទីបំផុត តួឯកប្រុស ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីវិនិច្ឆ័យទោសពេលក្រោយ។
អ្នកច្បាប់មួយរូប បញ្ជាក់ថា ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះព្រមព្រៀងក៏មានទោសដែរ។ ក្រមព្រហ្មទណ្ឌបានកំណត់នីតិភាពនៃការរួមភេទចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។
លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនយុវជនឈ្មោះ ប្រុស ដា ហៅ ប្រាំង វ៉េងស៊ាង អាយុ១៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ» តាមមាត្រា៤២ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
បទល្មើស «រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ» កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
ប្រភពព័ត៌មានពីមួយបានឲ្យដឹងថា កន្លងមកក្មេងស្រីរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងស្រឡាញ់គ្នារយ:ពេលប្រហែល១ឆ្នាំកន្លះហើយ ដោយផ្ទះក្មេងស្រីរងគ្រោះនៅជាប់កន្លែងធ្វើការរបស់ជនសង្ស័យ។ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នាទេ ទើបតែនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យណាត់ជួបគ្នានៅមុខសាលាអន្តរទ្វីបអាមេរិកកាំង ក្បែររង្វង់មូលព្រះនរាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅជាមួយគ្នា រួចក៏ចូលទៅដេករួមភេទជាមួយគ្នានៅក្នុងផ្ទះសំណាក់យីហោមហាលាភរហូតបានសំរេច៣ដង និងដេកនៅទីនោះរហូតទល់ភ្លឺ លុះព្រឹកឡើងម៉ោងប្រហែល៧ព្រឹក ទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ត្រូវឪពុកម្ដាយខាងស្រីចាប់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៣ដងនៅផ្ទះសំណាក់ពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់គ្នា ពុំមានការបង្ខិតបង្ខំឡើយ៕