(ថៃ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Abdullah Matouq Al-Matouq ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានអង្គការសប្បុរសធម៌ឥស្លាមអន្តរជាតិ (IICO) ដើម្បីធ្វើកិច្ចសហការជាមួយគ្នា លើសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ។
ជំនួបនេះ ធ្វើឡើងឆ្លៀតក្នុងឱកាស ទេសរដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបុណ្យខួបកំណើតព្យាការី មូហាំម៉ាត់ (Mawlid Al-Nabawi) លើកទី៥៩ ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ នៅទីក្រុងបាងកក នាថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាព នៃសហគមន៍ឥស្លាមកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ និងអនុញ្ញាតឲ្យមានថ្នាក់ដឹកនាំឥស្លាមនៅតាមជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបានផ្តល់ភាពងាយស្រួលជាច្រើនទៀត។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ ព្រមទាំងបើកទូលាយចំពោះជំនួយមនុស្សធម៌ផ្សេងៗ ដែលផ្តល់ប្រយោជន៍រួមដល់សង្គម។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រធានអង្គការសប្បុរសធម៌ឥស្លាមអន្តរជាតិ (IICO) ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ អាហារូបករណ៍ និងផ្នែកផ្សេងៗទៀត ដល់សហគមន៍ឥស្លាមកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។
ជាការឆ្លើយតប ប្រធានអង្គការសប្បុរសធម៌ឥស្លាមអន្តរជាតិ បានថ្លែងអំណរអរគុណឯកឧត្តមទេសរដ្ឋមន្ត្រីដែលបានជម្រាបព័ត៌មានទាក់ទងនឹងសហគមន៍ឥស្លាមកម្ពុជា និងបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ដើម្បីសិក្សារៀនសូត្របទពិសោធន៍ពីកម្ពុជា។
លើសពីនេះទៅទៀត លោកបានបន្ថែមថា សហគមន៍ឥស្លាមនៅកម្ពុជា ពិតជាមានភ័ព្វសំណាងយ៉ាងធំធេងដែលមានប្រមុខរាជរដ្ឋាភិបាលមិនមែនឥស្លាម ប៉ុន្តែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ឥស្លាម។
ជាមួយគ្នានោះ លោកបានថ្លែងថា នឹងពិនិត្យលទ្ធភាពក្នុងផ្តល់ជំនួយមនុស្សធម៌ អាហារូបករណ៍ និងផ្នែកផ្សេងៗទៀតដែលជាទិសដៅរបស់អង្គការ ដល់សហគមន៍ឥស្លាមកម្ពុជា នាពេលខាងមុខ។
សូមជម្រាបជូនថា អង្គការសប្បុរសធម៌ឥស្លាមអន្តរជាតិ (IICO) គឺជាអង្គការមនុស្សធម៌ដែលមានមូលដ្ឋាន នៅប្រទេសគុយវ៉ែតដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ដោយព្រះរាជ្យក្រឹត្យរបស់ព្រះអង្គម្ចាស់ Sheikh Jaber Al-Ahmad Al-Jaber Al-Sabah ហើយត្រូវបានគេទទួលស្គាល់ថា ជាអង្គការមនុស្សធម៌ដ៏ធំបំផុតមួយ នៅក្នុងពិភពឥស្លាម។ អង្គការដ៏ធំមួយនេះ ផ្តោតលើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា ផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមមនុស្សផ្សេងៗគ្នា មានដូចជា កុមារកំព្រា គ្រួសារក្រីក្រ និស្សិតសាកលវិទ្យាល័យ និងមានជនពិការភាព៕