(ភ្នំពេញ)៖ រយៈពេលជាង១ខែមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ បានកើតមានដល់៨លើក ដែលបណ្ដាលឲ្យកម្មករនិយោជិត ២៨២នាក់ រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែល Fresh News ទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
របាយការណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករចំនួន៨លើក ដែលបណ្ដាលឲ្យកម្មករនិយោជិតរងរបួសសរុប២៨២នាក់ ក្នុងនោះករណីរបួសធ្ងន់មានចំនួន៨១នាក់ និងរបួសស្រាល ចំនួន២០១នាក់។
លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចនេះថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះចរាចរណ៍នេះ ដោយសារកត្តាចម្បងចំនួន២ រួមមាន៖ ទី១.បណ្ដាលមកពីអ្នកបើកបររថយន្តមួយចំនួនមានការធ្វេសប្រហែស បើកបរមិនគោរពច្បាប់ មិនគោរពសិទ្ធិអាទិភាព, ទី២.បណ្ដាលមកពីកត្តាយានយន្តដែលរថយន្តខ្លះចាស់ ខូចខាតផ្នែកមួយចំនួន រៀបចំខុសបច្ចេកទេស ជូនកាលអាចបង្កគ្រោះថ្នាក់ពីរថយន្តដទៃជាដើម។
លោក ជាវ ប៊ុនរីទ្ធ បានពន្យល់ថា «ក្រុមការងារបានចុះទៅផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ហើយឥរិយាបថក្នុងការបើកបរ យើងបានបង្រៀនពួកគាត់រួចអស់ហើយ ការត្រួតពិនិត្យបច្ចេកទេសយានយន្ត យើងក៏បានជម្រាបពួកគាត់បានជាបន្តបន្ទាប់ មកហើយដែរ»។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ចំពោះករណីគ្រោះថ្នាកចរាចរណ៍ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០១៦ មានការថយចុះជាងឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នា ហើយក្នុងពេលជួបគ្រោះថ្នាក់ម្ដងៗ ក្រុមភ្នាក់ងារ ប.ស.ស បានបញ្ជូនកម្មករនិយោជិត ទៅដល់មន្ទីពេទ្យបានទាន់ពេល និងបានជួយទំនុកបម្រុងពួកគាត់ យ៉ាងយកចិត្តទុកដាក់បំផុត។
លោកបន្តថា ប.ស.ស បានដាក់វិធានការរដ្ឋបាលយ៉ាងតឹងរឹង និងចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្ត ជាបន្តបន្ទាប់មកហើយ ដូចជាការត្រួតពិនិត្យយានយន្ត ការពង្រឹង និងបង្កើនការផ្សព្វផ្សាយអប់រំ ដើម្បីឲ្យអ្នកបើកកររថយន្តទាំងនោះ បានយល់ច្បាស់អំពីច្បាប់ស្ដីពី ចរាចរផ្លូវគោក, សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន, ការត្រួតពិនិត្យយានយន្តជាដើម។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នាពេលកន្លងទៅក៏បានស្នើយ៉ាងទទូចដល់អ្នកបើករម៉ក ម៉ូតូ រថយន្តតូចធំទាំងអស់មានការប្រុងប្រយ័ត្ន ហើយត្រូវកែតម្រូវកំហុសឆ្គងរបស់ខ្លួនឡើងវិញ កុំចាំដល់ពេលបង្កគ្រោះថ្នាក់ហើយ ទើបនិយាយថាស្ដាយក្រោយ៕