(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ របស់ លោកប្រធានាធិបតីចិន សុី ជីនពីង នៅកម្ពុជានាថ្មីៗនេះ បានបន្សល់នូវមរតកចំនួន៣ដ៏សំខាន់ ជាផ្លែផ្កាដែលប្រជាជនកម្ពុជាពេញចិត្តបំផុត។

មរតកចំនួន៣នោះរួមមាន៖

ទី១៖ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិន ការជួបជុំក្នុងភាពស្និទ្ធស្នាលរាក់ទាក់ជាភាតរភាពជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ កាន់តែបានពង្រឹងចំណងមិត្តភាពដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ ដោយបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ប្រការនេះបានវាយបំបាក់ការឃោសនាអកុសលរបស់ពួកជ្រុលនិយដែលថា ទំនាក់ទំនងមិត្តភាពចិន-កម្ពុជា កាន់តែឃ្លាតឆ្ងាយ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ទី២៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី សុី ជីនពីង បាននាំមកនូវផ្លែផ្កានៃកិច្ចសហប្រតិបិត្តិការជាច្រើនរាប់មិនអស់តាមរយៈការចុះកិច្ចព្រមព្រៀងចំនួន៣៧ ឯកសារលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ ព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី ។ល។ ដែលក្នុងនោះប្រជាជនកម្ពុជាចាប់អារម្មណ៍ និងសប្បាយរីករាយ ពេញចិត្តបំផុតគឺការចុះហត្ថលេខាជាប្រវត្តិសាស្រ្តមានទឹកប្រាក់ចំនួន $១.១៥៦ ពាន់លានដុល្លារអាមេរិកដើម្បីដំណើរការការគម្រោងព្រែកជីកហ្វូណនតេជោឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និងការឯកភាពកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសរណ៍កម្ពុជា-ចិន ដែលកន្លងមកភ្ញៀវទេសចរណ៍ចិនបានធ្លាក់ជាគំហុកក្រោយកូវិដ១៩ និងការផ្សព្វផ្សាយអវិជ្ជមានអំពីកម្ពុជា។ ប៉ុន្តែនាពេលនេះអ្វីៗបានស្រឡះអស់ហើយតាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន បានបញ្ជាក់ច្បាស់ថា ៖ «ភាគីចិនកោតសរសើរកម្ពុជា ដែលបានប្រកាសបង្រ្កាបល្បែងសុីសងតាមប្រព័ន្ធអុីនធឺណែតខុសច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ប្រការនេះបានបង្ហាញថា កេរ្តិ៍ឈ្មោះកម្ពុជាត្រូវបានស្តារឡើងវិញ ចំណែកការផ្សព្វផ្សាយដ៏គគ្រឹកគគ្រែងរបស់បណ្តាញសាព័ត៌មានចិន អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ និងរូបភាពដ៏ស្រស់បំព្រងនៃទឹកដីកម្ពុជា ច្បាស់ជាប្រភពទាក់ទាញយ៉ាងខ្លាំងក្លានៃទេសចរណ៍ចិនមកលេងកម្ពុជានាពេលខាងមុខ ចំឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ តែម្តង។ ពួកជ្រុលនិយមដែលខំផ្សព្វផ្សាយថា ចិនមិនគាំទ្រព្រែកជីកហ្វូណនតេជោ ទេសចរណ៍ចិនឈប់លេងមកកម្ពុជា ក៏អស់ផ្លូវភូតកុហកបោកប្រាស់។

ទី៣៖ បច្ចុប្បន្ននេះមានមតិមួយចំនួនមានការព្រួយបារម្មណ៍ថា ក្នុងសង្រ្គាមពាណិជ្ជកម្ម តើសម្តេចតេជោ សម្តេចធិបតី នឹងដឹកនាំប្រទេសកម្ពុជា គួរតែដើរផ្លូវណា? ដើរតាមចិន ឬតាមអាមេរិក? សំណួរនេះត្រូវបានឆ្លុះបញ្ចាំងជាស្រេចក្នុងសេចក្តីថ្លែងការរួមកម្ពុជា-ចិន នៅត្រង់ចំណុចថា ទោះបីមានទំនាក់ទំនងជិតស្និទ្ធ ជាមិត្តដែកថែបជាមួយប្រទេសកម្ពុជាក្តី តែ «ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៍ាអភិវឌ្ឍន៍ដោយឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា»។ ប្រការនេះមានន័យថា ចិនគោរពឯករាជ្យរបស់កម្ពុជា ដោយមិនប្រឆាំងជំទាស់ទៅនឹងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ និងទំនាក់ទំនងការទូត ពាណិជ្ជកម្ម វិនិយោគ ដៃគូអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជាមួយភាគីដទៃឡើយ។

លោកបណ្ឌិត បានបន្ថែមទៀតថា ចំណុចនេះសមស្របទាំងស្រុងនឹងនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្តេចតេជោ និងបន្តវេនដោយសម្តេចធិបតី គឺជានយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ ដោយតម្កល់ផលប្រយោជន៍ជាតិជាឧត្តមប្រយោជន៍ខ្ពស់បំផុត។ ប្រទេសកម្ពុជាមានមិត្តភាពល្អជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក។ យើងរក្សាមិត្តចាស់ បង្កើនមិត្តថ្មី មិនថាជាមហាអំណាចចិន អាមេរិក សហភាពអុឺរ៉ុប ជប៉ុន កូរ៉េ ឥណ្ឌា ឬប្រទេសតូចធំដូចជា វៀតណាម ថៃ ឡាវ អូស្រ្តាលី។ល។ ដូច្នេះ តើសម្តេចតេជោ សម្តេចធិបតី ត្រូវដឹកនាំប្រទេសកម្ពុជាដើរតាមផ្លូវណា? កន្លងមកសម្តេចតេជោធ្លាប់ផ្ដល់ចម្លើយគឺ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី នឹងដើរតាមផ្លូវណាដែលនាំជោគជ័យ និងផលប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ សម្តេចធិបតី ដើរផ្លូវណាមិនសំខាន់ទេ សំខាន់ឱ្យតែផ្លូវនោះ នាំឱ្យប្រជាជនបានសុខ ស្រុកមានសន្តិភាព តែប៉ុណ្ណឹង គឺចប់៕