(ភ្នំពេញ)៖ ដើម្បីរួមចំណែកចូលរួមទប់ស្កាត់ជំងឺមហារីកថ្លើម និងណែនាំពីវិធីសាស្ត្រក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅដល់ប្រជាពលរដ្ឋ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានសហការជាមួយមេហ្គាឡៃសាយអិនសិស (Mega Life Sciences) ដែលជាក្រុមហ៊ុនផលិតផលចែកចាយថ្នាំអន្តរជាតិមួយ ដែលមានវត្តមាននៅលើពិភពលោកជាង ៣០ប្រទេស ទាំងនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប រៀបចំទិវាសុខភាពថ្លើមពិភពលោក ដើម្បីផ្សព្វផ្សាយដល់ប្រជាជនលើពិភពលោកឲ្យដឹងពីមូលហេតុគ្រោះថ្នាក់ និងរបៀបការពារព្យាបាលជំងឺថ្លើម។

ពិធីនេះដែរបានធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ​ និងដោយមានការចូលរួម​ពីតំណាងក្រុមហ៊ុនមេហ្គា និងមានវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅជាច្រើននាក់មកពីគ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិកនៅភ្នំពេញ និងបណ្ដាខេត្តនានា។

ថ្លែងនាឱកាសនោះលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានឱ្យដឹងថា នៅប្រទេសកម្ពុជាក្រៅពីមេរោគរលាកថ្លើម បេ និង សេ ដែលនៅពួនសម្ងំនៅក្នុងស្រទាប់ប្រជាជនយើងជាយូរមកហើយនោះ មេរោគនេះ​នៅមិនទាន់ឃ្លាតឆ្ងាយពីយើងនៅឡើយទេ។ ថ្វីត្បិតតែពិភពលោកមានឧសថព្យាបាលដែលមានប្រសិទ្ធភាព​លើការបង្ក្រាបមេរោគបេ និងបំបាត់មេរោគសេក៏ដោយ ក្នុងរយៈកាល ១០ឆ្នាំចុងក្រោយនេះ ទិន្នន័យ​ពីអង្គការ​សុខភាពពិភពលោកឆ្នាំ២០២៤ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋនៅលើពិភពលោកមាននៅសល់ ២៥៥លាននាក់ផ្ទុកមេរោគបេ។ អត្រានៃមរណភាពមានពី ៨សែន ទៅ ១លានក្នុងមួយឆ្នាំ។ ប្រជាជន ១៣% បានទទួលរោគវិនិច្ឆ័យថាខ្លួនឯងមានមេរោគបេនៅក្នុងខ្លួន ហើយមានតែ៥% ប៉ុណ្ណោះដែលបានទទួលសេវាកម្មក្នុងការព្យាបាល។

លោកសាស្ត្រាចារ្យ បានបន្ថែមថា ចំណែកមេរោគវីរុសសេ ថ្វីត្បិតតែថ្នាំមានប្រសិទ្ធភាព 100% ក្នុងការបំបាត់មេរោគសេឲ្យជាសះស្បើយក៏ដោយ សមត្ថភាពក្នុងការព្យាបាលមេរោគសេនេះ ផ្លាស់ប្ដូរពីប្រទេសមួយ​ទៅប្រទេសមួយ​​ ទៅតាមសេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋនិងសេដ្ឋកិច្ចរបស់រដ្ឋនីមួយៗ។ មេរោគទាំងពីរប្រភេទនេះបានសម្លាប់ប្រជាពលរដ្ឋលើពិភពលោកក្នុងមួយឆ្នាំចំនួន ១,៣លាននាក់ និងបន្តចម្លងចំនួន ២លាននាក់ក្នុងមួយឆ្នាំ( WHO 2024) ។

យោងតាមតួលេខដែលបានឃើញនៅឆ្នាំ២០២៤ កន្លងមកនេះឃើញថាសេចក្តីសង្ឃឹមនៅឆ្នាំ២០៣០ ក្នុងការគ្រប់គ្រងមេរោគបេ និងសេ ហាក់ដូចជានៅឆ្ងាយ ដោយពិភពលោក​ជួបនូវគ្រោះវិបត្តិសេដ្ឋកិច្ច​បន្តបន្ទាប់ពីជំងឺឆ្លងកូវីដហើយនឹងសង្គ្រាមរ៉ាំរ៉ៃមួយនៅអឺរ៉ុបផង។ រឿងថ្មីដែលប្រឈមមុខចំពោះសុខភាពថ្លើម គឺបញ្ហានៃការហូបចុកសារជាតិខ្លាញ់ និងគ្រឿងស្រវឹង។

បន្ថែមពីនេះលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានឱ្យដឹងទៀតថា យើងគួរត្រួតពិនិត្យសុខភាពថ្លើមដោយគ្រូពេទ្យឯកទេសយ៉ាងហោចមួយឆ្នាំ ឬពីរឆ្នាំម្ដង។ ឆ្នាំ២០២៥នេះ ក៏នៅតែជាឱកាសល្អ​សម្រាប់បងប្អូន​ដែលមានជំងឺរ៉ាំរ៉ៃ ដោយមេរោគរលាកថ្លើម បេ សេ ក៏ដូចជាជំងឺកកខ្លាញ់ក្នុងថ្លើម ដែលអាចរកឱសថព្យាបាលដែលមានតម្លៃសមរម្យតាមការណែនាំរបស់គ្រូពេទ្យឯកទេស។

ជួយថែរក្សាការពារសុខភាពថ្លើមយើងតាមការស្គាល់ឲ្យច្បាស់នូវគ្រោះថ្នាក់ធំៗទាំងបួនរបស់ថ្លើមមាន៖ មួយមេរោគបេ, មេរោគសេ ,គ្រឿងស្រវឹង និងបួនសារជាតិខ្លាញ់ច្រើន នៅក្នុងចំណីអាហារ​ដែលបណ្ដាល​ឲ្យជំ​ងឺកក​ខ្លាញ់ក្នុងថ្លើម។ យើងត្រូវធ្វើការសិក្សាឡើងវិញនៅចំណីអាហាររបស់ដូនតាខ្មែរយើង ដែលប្រើខ្លាញ់និងប្រេងចំនួនតិចបំផុត។

ជាមួយគ្នានោះដែរបើតាមលោកវេជ្ជបណ្ឌិតឯកទេស ធា វុទ្ធី អនុប្រធានផ្នែកក្រពះ ពោះវៀន ថ្លើម ឫសដូងបាត នៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាសុខភាពថ្លើមឱ្យបានល្អ គួរជៀសវាង ការផឹកស្រា និងជក់បារី និងរបស់ដែលមានប្រេង និងខ្លាញ់ច្រើន ក្នុងនោះថ្នាំពេទ្យដែលមិនមានវេជ្ជបញ្ជារច្បាស់លាស់ ក៏អាចនាំឱ្យប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានផ្ញើសារផ្តាំផ្ញើរ​ដល់អ្នកដែលមានជំងឺថ្លើមស្រាប់ គួរទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ វាយតម្លៃ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងជៀសឱ្យបានការជក់បារី និងការផឹកស្រា៕