(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមហ៊ុន Huawei នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សានៅក្នុងប្រទេសចិន។ អាហារូបករណ៍នេះជាគម្រោង ក្រុមហ៊ុន Huawei នឹងផ្តល់តាមរយៈ ស.ស.យ.ក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល០៣ឆ្នាំ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិច និង សម្បាទាបច្ចេកទេសវិទ្យាសារគមនាគមន៍។
អនុស្សារណៈយោគយល់គ្នាធ្វើឡើងរវាង លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក Lyu Qing Chen អគ្គនាយកប្រតិបត្តិក្រុមហ៊ុនHuawei ដោយមានការចូលរួមពី លោក Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងលោកស្រី Zhao Yuan នាយិកាខាងផ្នែក CSR Project នៃគម្រោង «គ្រាប់ពូជដើម្បីអនាគត»។
លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានសម្តែងការស្វាគមន៍ចំពោះវប្បធម៌ចែករំលែកដល់យុវជនកម្ពុជារបស់ក្រុមហ៊ុន Huawei ដែលបានផ្តល់ឱកាសបណ្តុះបណ្តាលដល់ យុវជនកម្ពុជា ចំនួន៣០រូប នៅប្រទេសចិន ក្រោមគម្រោង«គ្រាប់ពូជដើម្បីអនាគត»។ គម្រោងនៃការបណ្តុះបណ្តាលនេះ អាចធ្វើឲ្យយុវជនកម្ពុជា ទទួលបានចំណេះដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីក្លាយជាធនធានមនុស្ស ដ៏សំខាន់សម្រាប់កម្ពុជានាពេលអនាគត។
លោក ជាត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការថ្មីនាពេលនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សិក្សាធិការ ជាពិសេសការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងសម្បទាបច្ចេកទេសវិទ្យាសារគមនាគមន៍ ដែលវិធីសាស្រ្តថ្មីនេះ នឹងអនុញ្ញាតឲ្យនិស្សិតទទួលបានការអប់រំចម្ងាយ និងអាចចែករំលែកធនធានសិក្សាបាន យ៉ាងងាយស្រួលរវាងគ្នានិងគ្នា។ លោកបន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នាក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្នុងស្រុកដើម្បីទទួលបានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងដើម្បីផ្លាស់ប្តូរវប្បធម៌គ្នារវាងយុវជនចិន និងយុវជនកម្ពុជាផងដែរ។
លោក Lyu Qing Chen អគ្គនាយកប្រតិបត្តិក្រុមហ៊ុនHuawei បានលើកឡើងថា ក្រុមហ៊ុន Huawei នឹងបន្តបំពេញកាតព្វកិច្ចសង្គម ហើយនឹងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ខាងវិស័យអប់រំតាមប្រព័ន្ធអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៅថ្ងៃអនាគត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រសួងផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាកម្មនានា និងបានជួយវិស័យសង្គម ជាច្រើនផងដែរ។
សរុបជារួម លោក Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមានសម្រាប់គម្រោងទាំងឡាយ ដែលនឹងកើតឡើងក្រោយការចុះអនុស្សារណៈនេះ។ លោក Xiong Bo បានបញ្ជាក់ថា យុវជនគឺជាអនាគតរបស់ជាតិ ហើយក៏ជាកម្លាំងយ៉ាងធំនៅក្នុងសហគមន៍កម្ពុជាផងដែរ។ តាមរយៈគម្រោង «គ្រាប់ពូជដើម្បីអនាគត» លោក សង្ឃឹមថា យុវជនកម្ពុជា នឹងអាចដើរទាន់សម័យជាមួយការវិវត្តន៍ថ្មីៗខាងផ្នែកបច្ចេកវិទ្យាសារទូរគមនាគមន៍ចំណេះដឹងថ្មីៗជាដើម។
គួរបញ្ជាក់ថា ក្រោយពីការចុះអនុស្សារណៈយោគយល់គ្នាជាលើកទី១ នាពេលនេះ ក្រុមហ៊ុន Huawei និងសហការជាមួយ ស.ស.យ.ក ជ្រើសរើសបេក្ខភាពយុវជន ដែលមានសមត្ថភាព ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនាពេលខាងមុខ ហើយក្រុមហ៊ុន Huawei ក៏នឹងចូលរួមជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើការស្ទង់មតិរួមគ្នា ដើម្បីសាកល្បងប្រព័ន្ធអប់រំអេឡិចត្រូនិចពីចម្ងាយមួយ មុននឹងឈានដល់ការពង្រីកការអប់រំតាមប្រព័ន្ធថ្មី ក៏ដូចជាការអនុវត្តគម្រោងអភិវឌ្ឍន៍ ខាងវិស័យបច្ចេកវិទ្យាសារគមនាគមន៍៕