(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន នៅតែជាបញ្ហាអាទិភាព និងមិនអាចបោះបង់បានឡើយ ហើយសម្តេចនឹងប្រឹងប្រែងស្វែងរកទុនបន្ថែមក្នុងការសាងសង់ផ្លូវ និងស្ពាន ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងដូច្នេះក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវជន បទក្រាលកៅស៊ូ និងចាក់បេតុងជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ ១២០០គីឡូម៉ែត្រ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជន បទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង ៥៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋបានចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «នយោបាយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា នៅតែជានយោបាយត្រឹមត្រូវបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឡើង។ ដើម្បីឲ្យកម្ពុជាលូតលាស់ទៅបានយើងមិនអាចបន្តត្រដរខ្យល់ឆ្លងសាឡាង និងទូកដបន្តទៅទៀតបានទេ ត្រូវតែខិតខំធ្វើផ្លូវ ធ្វើស្ពាន ហើយស្ពានហ្នឹងកាលពីដើមយើធ្វើស្ពានតូចៗឆ្លងកាត់ដៃព្រែក ហើយពេលនោះធ្វើពីដែក ឥឡូវនេះយើងចាប់ប្តូរដែកចេញចាក់បេតុង។ ក្រៅពីណុងយើងធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសាប ទន្លេបាសាក់ តើពីដើមមានមនុស្ស ប៉ុន្មាននាក់ទៅស្រម៉ៃថា មានស្ពានបែបនេះ»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្រោយរំដោះប្រទេសចេញពីរបបប៉ុលពត នយោបាយអាទិភាពចំនួន៤ ត្រូវបានសម្តេចបានដាក់ចេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដែលរួមមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស។ សម្តេចតេជោ ហ៊ុន សែន តែងបានលើកឡើងជារឿយៗផងដែរថា មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម។
ឈរលើស្មារតីនេះ ផ្លូវ និងស្ពានជាច្រើនខ្សែក្រោមកម្ចី ក៏ដូចជាជំនួយពីបណ្តាប្រទេសជាមិត្តមានដូចជាចិន ជប៉ុន និងអង្គការដៃគូអភិវឌ្ឍន៍ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវបានសាងសង់ឡើងយ៉ាងប្រទាក់ក្រឡាគ្នាភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ហើយស្ពានជាច្រើន ក៏ត្រូវបានសាងសង់ឆ្លងកាត់ទន្លេ ដើម្បីលុបបំបាត់ផលលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ក្រៅពីផ្លូវជាតិធំៗហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងស្ថាបនា និងកែលំអរផ្លូវលំ ផ្លូវក្រាលគ្រួសក្រហមតាមទីជនបទផងដែរ។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី១ ផ្លូវក្រាលក្រួសក្រហម ចំនួន ១៩ខ្សែ ប្រវែងសរុបជាង ៥០០គីឡូម៉េត្រ ត្រូវបានកែលំអរឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដោយចំណាយថវិកាជិត ៧០លានដុល្លារអាមេរិក។ ផ្លូវទាំងនេះស្ថិតក្នុងខេត្ត ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦។
ក្រោយគម្រោងទី១អនុវត្តដោយជោគជ័យហើយ រាជរដ្ឋាភិបាល ក៏បានចាប់ផ្តើមអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទជំហានទី២ ហើយត្រូវ ធ្វើពិធីបើកការដ្ឋាននាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ គម្រោងកែលំអរផ្លូវជនបទជំហានទី២នេះ នឹងត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ត្រៀមប្រើថវិកាជិត ២០០លានដុល្លាអាមេរិក ដោយធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូ និងចាក់បេតុងប្រវែងសរុប ១២០០គីឡូម៉ែត្របន្ថែមទៀតនៅក្នុងខេត្តចំនួន ១០រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។ គម្រោងកែលំអរផ្លូវជនបទជំហានទី២ នេះនឹងចូលរួមបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋតាមជនបទជាង ១,៥លាននាក់។
បើទោះបីជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក្រោយពេលទទួលបានផ្លូវល្អហើយ ត្រូវបើកបរដោយគោរព ច្បាប់ចរាចរណ៍ ហើយទន្ទឹមនិងការបើកបរគោរពច្បាប់ហើយនោះ ត្រូវរួមគ្នាថែរក្សាផ្លូវ និងកុំដឹកលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវ៕