(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឯក សំអុល ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។
បើយោងតាមសារលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ការសម្រេចបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី និងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រពុទ្ធសាសនា ហើយនឹងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា»៕