(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជា១២រូប បានចាកចេញពីកម្ពុជា ទៅធ្វើទស្សកិច្ចនៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតពិភពលោក ដែលមានប្រទេសជាង៦០ចូលរួម ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ វិស័យអចលនាវត្ថុកម្ពុជា។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPLបានថ្លែងថា ដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនេះ ចូលរួមប្រជុំប្រចាំឆ្នាំ National Associaion of Realtors (NAR) ដើម្បីបង្ហាញពីការអភិវឌ្ឍន៍វិស័យអចលនវត្ថុកម្ពុជា ហើយនេះជាលើកទី១ ដែលកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកិច្ចប្រជុំនោះ ដែលមានការអញ្ជើញចូលរួមពីបណ្ដាប្រទេសជាង៦០ និងមានអ្នកចូលរួមជាង២ម៉ឺននាក់។
លោកបន្តថា សម្រាប់ដំណើរទស្សនកិច្ចនេះ សមាជិករបស់សមាគមចំនួន១២នាក់ នឹងស្វែងយល់អំពីកិច្ចប្រជុំនេះ ដើម្បីរៀនសូត្រពីរបៀបរៀបចំ របស់សមាគមវាយតម្លៃអចលនវត្ថុរបស់សហរដ្ឋអាមេរិក ។
លោកបានបន្ដទៀតថា «នេះគឺជាឱកាសមួយ ដើម្បីយើងបានធ្វើការចែករំលែក នូវបទពិសោធន៍រវាងគ្នានឹងគ្នា ដើម្បីបង្ហាញឲ្យពិភពលោកដឹងថាកម្ពុជា ក៏មានសមាគមនចលនទ្រព្យមួយ ដែលកំពុងធ្វើសកម្មភាព ក្នុងប្រទេសផងដែរ»។
លោក គីម ហ៊ាង ប្រធានសមាគមវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីនាំកម្ពុជាទៅពិភពលោក ក៏ដូចជាការនាំពិភពលោកមកកម្ពុជាវិញ។
លោកបានបន្ដទៀតថា «ពួកយើងនឹងធ្វើការបង្ហាញ ទៅដល់ប្រទេសជាង៦០ និងអ្នកចូលរួមជាង២ម៉ឺននាក់នេះថា ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលមានសមាគមដីធ្លីដែល និង ជាសមាគមមួយ ដែលមានមនុស្សធ្វើការច្រើន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺមានកម្មវិធីប្រជុំដោយឡែកមួយ ដែលទាក់ទងនឹងការបណ្ដុះបណ្ដាល»។
លោកបានឲ្យដឹងទៀតថា «ការធ្វើដំណើរទស្សនកិច្ចនេះ គឺយើងមានបំណងមួយចង់ ឲ្យសមាគមដីធ្លីអាមេរិកមកកម្ពុជា ដើម្បីជួយយើង ពីព្រោះយើងបានសិក្សាពីគេ។ ...ពួកយើងទាំង១២នាក់ ទៅក្នុងថ្ងៃនេះ គឺមិនហ៊ានរំពឹងថា គេនឹងមកជួយយើងទាំងស្រុងនោះទេ តែពួកយើងនឹងព្យាយាម ទៅជួបគេស្វែងយល់ពីគេ ហើយយើងចង់ចុះអនុស្សរណៈយោគយល់គ្នាជាមួយគេ»៕