(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនការនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោកស្រី ថាក់ ឡានី នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ។
អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ។
ការបន្តសវនាការជំនុំជម្រះរឿង លោកស្រី ថាក់ ឡានី បានធ្វើឡើងក្រោយពេលតុលាការក្រុងភ្នំពេញ បានសាកសួរសាក្សីជាច្រើននាក់ ក្នុងនោះសាក្សី៣នាក់ ដែលស្ថិតក្នុងហេតុការណ៍នោះ។ ពួកគេបានបញ្ជាក់ថា រូបភាពវីដេអូសម្តីលោកស្រី ថាក់ ឡានី និយាយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន គឺជាការពិត មិនមែនកាត់តនោះទេ។
លោកមេធាវី គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកន្លងមកថា ការចោទប្រកាន់ដោយមិនមានភស្តុតាងរបស់ លោកស្រី ថាក់ ឡានី ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកបានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល៕