(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានប្រកាសចាត់វិធានការបង្ក្រាបបញ្ហាល្បែងសីុសង គ្រប់ប្រភេទ និងគ្រឿងញៀន នៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ដោយគ្មានការលើកលែង និងលួងលោមនោះទេ។
ការលើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលាខណ្ឌដូនពេញ វេលាម៉ោង ១៥៖០០នាទី រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ ចៅសង្កាត់រងទាំង១១ មេប៉ុស្តិ លោកលោកស្រីប្រធានផ្សារទាំង៣ និងមន្ត្រីជាច្រើនរូបទៀត។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ពីបញ្ហាល្បែងស៊ីសងគ្រឿងញៀននៅក្នុងមូលដ្ឋាននឹងមានវិធានការទប់ស្កាត់ ដូចការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីប៉ុន្មានថ្ងៃមុននេះ។
លោកបានបញ្ជាក់បន្ថែមថា កន្លងមកកម្លាំងយើងបានអនុវត្តន៍ ហើយតែនៅសេសសល់ គឺមានតែការ «បង្ក្រាប»តែម្តងគឺគ្មានការលួងលោមទេ ។
ជាមួយគ្នានេះលោក ហ៊ួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ បានលើកឡើងពីផែនការណ៏បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ ដោយលោកបានបញ្ជាក់ថា យើងត្រូវខិតខំបង្ក្រាបឆ្នោត(កន្ទុយលេខ) ដែលជ្រកក្រោមឆ្នោតស្របច្បាប់ ហើយការងារឆ្នោតនេះត្រូវសហការជាមួយអ្នកដែលពាក់ពន្ធ័ជាមួយកម្លាំងប៉ុស្តិ៍។
ដោយឡែកលោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌបានឲ្យដឹងថា ឆ្នោតមានពីរ៖ ទី១-ឆ្នោតខ្មែរ(មានឆ្នោតយួនជ្រកក្នុងនោះ) និងទី២-ឆ្នោតយួន តែដោយឡែកបញ្ហាគ្រឿងញៀន ជាបទល្មើសអន្តរជាតិគឺប្រទេសច្រើននៅលើពិភពលោក ហើយគ្រឿងញៀននេះគឺគាត់តែងតែទទួលបានផ្ទាល់ពី លោកអភិបាលតែមូលដ្ឋានហាក់បីដូចជាមិនអើពើពីបញ្ហានេះ៕