(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ សុទ្ធតែបានសម្តែងនូវការសាទរ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ចុះតម្លៃលើសេវាស្កែនអង្ករ រហូតដល់៥០ភាគរយ ពោលបញ្ចុះពីតម្លៃ២០ដុល្លារ សម្រាប់កុងតឺន័រ២០ហ្វីត មកនៅត្រឹម១០ដុល្លារ។
បើទោះជាមានការបញ្ចុះតម្លៃលើសេវានេះក្តី ប៉ុន្តែសហព័ន្ធ និងអ្នកនាំចេញ បានស្នើឲ្យរាជរដ្ឋាភិបាល ពិចារណាជួយបញ្ចុះតម្លៃបន្ថែមទៀត លើតម្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូនផងដែរ ដើម្បីកាត់បន្ថយថ្លៃដើម នៃសង្វាក់ផលិតកម្មអង្ករ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅពេលថ្មីៗនេះ បានចេញលិខិតមួយដោយសម្រេច ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតតម្លៃនៃការស្កែនអង្ករនាំចេញ ដឹកជញ្ជូនក្នុងកុងតឺន័រចំនួន ១៦ដុល្លារសម្រាប់កុងតឺន័រដែលមានទំហំចាប់ពី៤០ហ្វីតឡើង និង ១០ដុល្លារសម្រាប់កុងតឺន័រក្រោម ៤០ហ្វីត ដែលចាប់អនុវត្តន៍ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានប្រាប់ Fresh News តាមទូរស័ព្ទនៅថ្ងៃទី០២ ខែវិច្ឆិកានេះថា ការបញ្ចុះតម្លៃនេះពិតជាដំណឹងល្អ សម្រាប់ការធ្វើពាណិជ្ជកម្មអង្ករ ហើយបញ្ហានេះ សហព័ន្ធបានស្នើសុំកន្លះឆ្នាំមកហើយ ប៉ុន្តែទើបសម្រេចពេលនេះ។
លោកថា «ការបញ្ចុះតម្លៃនេះ បានចូលរួមចំណែក កាត់បន្ថយថ្លៃដើមនៃការផលិត របស់វិស័យនាំចេញអង្ករ ប៉ុន្តែនូវមានបញ្ហាមួយចំនួនទៀត ក៏សូមឲ្យរាជរដ្ឋាភិបាលជួយបន្ថែមទៀត ដូចជាការបញ្ចុះតម្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន និងថ្លៃលើកដាក់ទំនិញ នៅកំពង់ផែជាដើម»។
លោកបន្ថែមថា តម្លៃអគ្គិសនីគួរណាត្រូវបញ្ចុះតម្លៃមកដល់ត្រឹម ៥០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ខណៈតម្លៃបច្ចុប្បន្នប្រហែល ៨០០រៀល។ ជាមួយគ្នានេះ តម្លៃដឹកជញ្ជូនគួរតែមានអន្តរាគមន៍ ឲ្យមកនៅទាបជាងសព្វថ្ងៃ។
ស្រដៀងគ្នានឹងលោក មូល សារិទ្ធី ដែរ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានសាទរចំពោះការបញ្ចុះតម្លៃសេវាស្កែនអង្ករនាំចេញ របស់ក្រសួងសេដ្ឋកិច្ច និងចាត់ទុកការបញ្ចុះតម្លៃនេះថា បានរួមចំណែកក្នុងការ កាត់បន្ថយថ្លៃដើម ប៉ុន្តែលោកក៏បានស្នើឲ្យរាជរដ្ឋាភិបាល បញ្ចុះថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូនផងដែរ ដើម្បីឲ្យអង្ករកម្ពុជា អាចប្រកួតប្រជែងនឹងអង្ករ ប្រទេសជិតខាងបាន។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា «ខ្ញុំមើលឃើញថា គយបានខិតខំច្រើន ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជា ពិតណាស់ការបញ្ចុះតម្លៃលើសេវាស្កែននេះ បានចូលរួមកាត់បន្ថយការចំណាយ របស់ក្រុមហ៊ុននាំចេញ ប៉ុន្តែបញ្ហាចំបងៗ ដូចជាថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន ពិតជាសំខាន់ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលគិតគូរ និងជួយដោះស្រាយបញ្ចុះតម្លៃ»។
នៅរយៈពេល៩ខែ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួន៣៦១៥០៥តោន ធ្លាក់ចុះ២ភាគរយ។ កាលពីឆ្នាំ២០១៥ កម្ពុជានាំចេញអង្ករបានប្រមាណ៥៤ម៉ឺនតោន៕