(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលស្រុក ក្រុងទូទាំងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងការរៀបចំប្រារព្ធសង្ក្រាន្តខេត្តកែប និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់ សុខសុវត្ថិភាព មានសោភ័ណភាព និងសេចក្ដីថ្លៃថ្នូរ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា៖ «តាងនាម​ក្រុមប្រឹក្សា​ខេត្ត​ គណៈអភិបាលខេត្ត ខ្ញុំ​សូមថ្លែងអំណរគុណដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ​ពាក់ព័ន្ធ​ វិស័យឯកជន អាជីវករ ​ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមសហការធ្វើឱ្យមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ អនាម័យបរិស្ថានស្អាត និងការវេចខ្ចប់កាកសំណល់រឹងរាវបានយ៉ាងត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំម្សាញ់​​ សប្តស័ក​​ ពុទ្ធសករាជ​ ២៥៦៩​ កន្លង​ទៅ​នេះ​»

ជាមួយគ្នានេះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា សង្ក្រាន្ត​ខេត្តកែប​​ ពិតជា​មាន​ភាព​អ៊ូអរ​ និងសប្បាយ​រីករាយ​ណាស់ជាមួយនឹង​ការ​ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ មកពីគ្រប់ទិសទី​ ក្រោមម្លប់សន្តិភាព​ពេញលេញ​នៅទូទាំង​ប្រទេស។

គួរឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំងដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់ពិធីបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ជើញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន និងតំបន់ត្រជាក់របស់ខេត្តកែប ទាំង៣ទីតាំងប្រមាណ ១៦១,១៦៨ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៩,៧៨៨នាក់ កើនឡើង ១,៣៨០នាក់ ស្មើនឹង ០,៨៦% ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៦០,៤០៥នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៨,៨៩៦នាក់ កើនឡើង ១,៥០៩នាក់ ស្មើនឹង ០,៩៤%។ ភ្ញៀវបរទេស មានចំនួន ៧៦៣នាក់ បើធៀបនិងឆ្នាំ២០២៤ មានចំនួន ៨៩២នាក់ ថយចុះ ១២៩នាក់ ស្មើនឹង១៤,៤៦%។ ដោយឡែករថយន្តសរុប ១៨,៥៦៦គ្រឿង ក្នុងនោះរថយន្តតូច ១២,៨៣៦គ្រឿង រថយន្តមធ្យម ៥,៦៩៥គ្រឿង និងរថយន្តធំ ៣៥គ្រឿង។