Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន១ម៉ឺនដុល្លារដល់គ្រួសារសព លោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

19-04-2025 09:18

(ថៃ)៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។

លោក ផល្លា រតនា អាយុ ២៤ឆ្នាំជាពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងពិធីបូជាសពដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ឯកឧត្តម សេង សក្តា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

ជាមួយគ្នានេះ លោក សេង សក្តា ដែលជាតំណាង លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕