(ភ្នំពេញ)៖ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង បានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតីចិន បានចូលគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលទ្ធផលដ៏ជោគជ័យគួរឱ្យកត់សម្គាល់។ តើកម្ពុជា បានទទួលលទ្ធផលអ្វីខ្លះនៅក្នុងដំណើរទស្សនកិច្ចនេះ? Fresh Exclusive មានអត្ថបទស៊ីជម្រៅដូចតទៅនេះ...

កម្ពុជា និងចិន បានបង្ហាញពិភពលោកនូវចំណងសាមគ្គីភាពរឹងមាំមិនប្រែប្រួល, ការគោរពគ្នា និងការទុកចិត្តរវាងគ្នាទៅវិញទៅមក ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានៃសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង រវាងពីថ្ងៃទី១៧ និង១៨ ខែមេសា នៅលើទឹកដីកម្ពុជា តបតាមការអញ្ជើញដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែលមិនអាចកាត់ថ្លៃបានរវាងប្រជាជាតិទាំងពីរ ដែលប្រវត្តិសាស្ត្របានបង្ហាញថាជាប្រជាជាតិ ធ្លាប់មានទំនាក់ទំនងរវាងគ្នាទៅវិញទៅមកប្រមាណជិត២០០០ឆ្នាំមកហើយ។

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានថ្លែងថា «ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននាពេលនេះ គឺមានអត្ថន័យធំធេងណាស់ ជាពិសេសក្នុងពេលដែលពិភពលោកស្ថិតក្នុងស្ថានភាពមួយឈាន ទៅរកសង្គ្រាមពាណិជ្ជកម្ម»។

*ពលរដ្ឋខ្មែរច្រើនម៉ឺននាក់ស្វាគមន៍ដំណើរទស្សនកិច្ចប្រធានាធិបតីចិន

នៅថ្ងៃអញ្ជើញមកដល់, ប្រជាពលរដ្ឋខ្មែរច្រើនម៉ឺននាក់ ខ្លះដៃកាន់ទង់ជាតិកម្ពុជានិងទង់ជាតិចិនបក់គ្រវី ខ្លះកាន់រូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ និងរូបឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ជាមួយនឹងស្នាមទឹកមុខញញឹមប្រឹមប្រីយ៍សើចសប្បាយរីករាយ ឈរជាជួរនៅតាមដងផ្លូវគ្រវីទង់ជាតិបក់រវិច និងខ្លះស្រែកជ័យឃោសន៍ ក្នុងពេលទទួលស្វាគមន៍ការអញ្ជើញមកដល់របស់មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដំណើរទស្សន កិច្ចជាលើកទី២ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងក្នុងសារលិខិតថ្ងៃទី១៧ ខែមេសាបញ្ជាក់ថា៖ «ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អ តបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ។ សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង»។

ដំណើរអញ្ជើញមកដល់របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ចាប់ពីថ្ងៃទី១៧និង១៨ ខែមេសា នៅលើទឹកដីកម្ពុជា ក្រោយទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងខែមេសានេះ មិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ វាគឺជានិមិត្តរូបនៃភាពរឹងមាំស៊ីជម្រៅ និងលក្ខណៈតម្រង់ទិស នាពេលអនាគតនៃទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២ ដែលចាក់ឫសគល់តាំងពីរជ្ជកាលអាណាចក្រខ្មែរក្នុងសម័យ «ចេនឡា» និងសម័យរាជវង្ស «ថាង» នៃប្រទេសទាំង២នោះមកម្ល៉េះ។

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងក្នុងសារលិខិតមួយមុនពេលអញ្ជើញមកដល់កម្ពុជា ដោយបានរំលឹកព្រឹត្តិការណ៍នៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលមានតាំងពីសម័យរាជវង្ស «ថាង» នៃសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) តាមរយៈសមាជិកនៃព្រះរាជវង្សានុវង្ស «ចេនឡា» ដែលពេលនោះ បានយាងបំពេញទស្សនកិច្ចទៅរាជធានី «ឆាំងអាន» ក្នុងប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ និងត្រូវបានគេចាត់ទុកជា ប៉ិន ហាន «Bin Han» ដែលមានន័យថាភ្ញៀវកិត្តិយសថែមទៀត។

គ្រឿងប៉សឺឡែន និងគ្រឿងម្រ័ក្សណ៍ខ្មុកចិន ត្រូវបានដឹកជញ្ជូនទៅកម្ពុជា តាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរ ដូចជាគ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិននាជំនាន់នោះ។

ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបុរាណបាយ័ន បានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរជាប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គ ធ្លាប់និមន្តទៅប្រទេសចិន ដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា» ដែលនិពន្ធដោយលោក ជីវ តាក្វាន់ នាសម័យបុរាណចិនក្នុងរង្វង់ឆ្នាំ១២៧១-១៣៦៨ ក៏បានក្លាយទៅជាឯកសារសំខាន់ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្ររបស់កម្ពុជាផងដែរ។

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងកត់សម្គាល់ថា «អរិយធម៌ចិន និងខ្មែរដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង់ និងមានពន្លឺចែងចាំងគ្នាទៅវិញទៅមក»។

*ប្រធានាធិបតីចិន គាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ

នៅក្នុងពេលអញ្ជើញមកដល់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែជាទីគោរពសក្ការៈ នៅក្នុងបរិវេណព្រះបរមរាជវាំង។ ព្រះមហាក្សត្រ បានមានបន្ទូលស្វាគមន៍ដំណើររបស់ ឯកឧត្តមប្រធានាធិបតីចិន និងព្រះអង្គបានគូសបញ្ជាក់អំពី «មិត្តភាពដ៏យូរអង្វែង» រវាងកម្ពុជានិងចិន និងទ្រង់នៅបានរំលឹកនូវប្រវត្តិសាស្ត្ររួម និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំង២។ ព្រះអង្គបានមានបន្ទូលថាទំនាក់ទំនងនៃថ្នាក់ដឹកនាំជំនាន់មុន គឺជាគំរូសមភាព, ការជឿទុកចិត្តគ្នាទៅវិញទៅមក, និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសចិននិងកម្ពុជាបើទោះបីជាប្រទេសទាំង២មានទំហំខុសគ្នាក៏ដោយ។

នៅក្នុងការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ស៊ី ជីនពីង ចំពោះទំនាក់ទំនងទ្វេភាគី, ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានផ្តល់គ្រឿងឥស្សរិយយសជាន់ខ្ពស់បំផុត ជួនដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលនោះ។ ប្រធានាធិបតី ចិន បានថ្លែងចាត់ទុកថា គ្រឿងឥស្សរិយយសប្រកបដោយកិត្តិយសនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនទាំងពីរចិន និងកម្ពុជា។

ក្នុងជំនួបជាមួយនឹងសម្តេចព្រះមហាក្សត្រីយានី, ប្រធានាធិបតីចិន បានថ្លែងទទួលស្គាល់នូវតួ នាទីរបស់សម្តេចម៉ែក្នុងការលើកតម្កើងមិត្តភាពចិននិងកម្ពុជា។ ឯកឧត្តម ស៊ី ជីនពីង បានថ្លែងថាប្រទេសចិន គឺជាផ្ទះទី២របស់សម្តេចម៉ែ និងព្រះអង្គទាំងទ្វេអាចយាងទៅទស្សនកិច្ច គ្រប់ពេលវេលា។

*ដំណើរទស្សនកិច្ចពង្រឹងកាន់តែខ្លាំងនូវមិត្តភាពដែកថែប

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមថែមទៀតពីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់ទុកថា ដំណើរទស្សន កិច្ចរបស់ឯកឧត្តម ប្រធានាធិបតីចិន គឺជា «ព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ»។

ឯកឧត្តម ស៊ី ជីនពីង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៧ ខែមេសា បានថ្លែងថា លោកពិតជារំភើបចំពោះការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចាប់តាងរូបលោកធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអ្វីទាំងនេះបង្ហាញឱ្យឃើញនូវចំណងមិត្តភាពដ៏រឹងមាំមិត្តភាពដែកថែបរវាងប្រទេសទាំង២ ហើយក៏ជាការញ៉ាំងឱ្យមិត្តភាពនេះ កាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនក្នុងឆ្នាំ២០២៥ គឺចំពេលខួប១៥ឆ្នាំនៃការបង្កើតទំនាក់ទំនងកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះ បានបង្ហាញនូវចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងរដ្ឋ រវាងបក្សនិងបក្សឱ្យកាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ សម្តេចតេជោ បានប្រកាសគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលជាដើម។

ឯកឧត្តមប្រធានាធិបតីចិន បានបញ្ជាក់ប្រាប់សម្តេចតេជោថា «ភាគីចិន នឹងពង្រឹងទំនាក់ទំនង បន្ថែមទៀតជាមួយកម្ពុជា ទាំងក្របខណ្ឌបក្សរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងធនធានមនុស្សនៅក្នុងបក្សប្រជាជនកម្ពុជា និងធនធានមនុស្សនៅក្នុងរាជរដ្ឋាភិបាលដើម្បីជាចំណែកចូលរួមកិច្ចអភិវឌ្ឍន៍នៅកម្ពុជា»។

*ទំនាក់ទំនងកម្ពុជា ចិន បន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់

ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង បានថ្លែងកត់សម្គាល់នូវទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២ពីមួយជំនាន់ ទៅមួយជំនាន់តាំងពីសម័យបុរាណជិត២ពាន់ឆ្នាំមុន និងទំនាក់ទំនងនេះ ត្រូវបានបន្តផ្សាភ្ជាប់មកទល់បច្ចុប្បន្ន ដែលបាននិងកំពុងថ្នាក់ថ្នមថែរក្សាដោយរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំចិនក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងកោតសរសើរនូវការថែរក្សាទំនាក់ទំនងដ៏ស្អិតល្មួតនេះ ហើយចំណងនៃទំនាក់ទំនងនេះ កំពុងក្លាយជាផ្លូវសម្រាប់សហគមន៍វាសនារួម ចិន-កម្ពុជានាបច្ចុ ប្បន្នថែមទៀត។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងរំលឹកថា «ប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិន និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។ កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុងបានឌុង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ បានជួបគ្នាលើកដំបូង និងរាប់អានគ្នាដូចជាមិត្តភ័ក្តិចាស់។ កម្ពុជាបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ១៩៥៨ ហើយប្រទេសចិនក៏បានគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងការតស៊ូយុត្តិធម៌នៃទប់ទល់នឹងការឈ្លានពានពីបរទេស និងគាំពារអធិបតេយ្យភាពនិងឯករាជ្យជាតិ»។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងកត់សម្គាល់ថា ប្រទេសចិននិងកម្ពុជា «តែងតែរួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក។ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានគង់នៅប្រទេសចិនជិត៤០ឆ្នាំ និងទ្រង់ចាត់ទុកប្រទេសចិនជាស្រុកកំណើតទីពីរ។ បទចម្រៀងកោតសរសើរមិត្តភាពចិន-កម្ពុជា ដូចជា «ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហត្ថព្រះករុណា បានត្រូវផ្សព្វផ្សាយទូលំទូលាយ និងបន្តច្រៀងរហូតដល់សព្វថ្ងៃនេះថែមទៀត»។

*កម្ពុជា និងចិន ចុះហត្ថលេខាលើឯកសារចំនួន៣៧

នាល្ងាចថ្ងៃទី១៧មេសាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតីស៊ី ជីនពីង បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣៧ ពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យ ហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងៗទៀត។

ឯកសារទាំង៣៧រួមមានអនុស្សារណៈយោគយល់គ្នា MoU, លិខិតប្រគល់ លិខិតប្តូរសារ, ផែនការសហប្រតិបត្តិការ, ផែនការសកម្មភាព និងពិធីសារ។

អនុស្សារណៈយោគយល់ MoU រួមមានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ គំនិតផ្តួចផ្តើមសន្តិសុខសកល, MoU ស្តីពីបញ្ជីគម្រោង និងកិច្ចការសំខាន់សម្រាប់ជម្រុញ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, MoU ស្តីពីផែនការសហប្រតិបត្តិការនៃការអភិវឌ្ឍន៍របៀប ឧស្សាហកម្មកម្ពុជា, MoU ស្តីកិច្ចសហប្រតិបត្តិការវិស័យបញ្ញាសិប្បនិម្មិត, MoU ស្តីពីការ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់, MoU ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៥, MoU ស្តីពីការលើកកម្ពស់កិច្ចសហប្រតិ បត្តិការ, MoU ស្តីពីយុវជនរវាងប្រទេសទាំង២, MoU ស្តីកិច្ចសហប្រតិបត្តិការវិស័យសុខាភិ បាល, MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍, MoU ស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព, MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹក, MoU ស្តីកិច្ចសហប្រតិបត្តិការប្រព័ន្ធ បញ្ជរតែមួយពាក់ព័ន្ធពាណិជ្ជកម្មឆ្លងដែន, MoU ស្តីពីកម្មវិធីផ្លាស់ប្តូរធនធានមនុស្សផ្នែកវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា, MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម Photovoltai, MoU ស្តីពីកិច្ចសហប្រតិបត្តិការមាត្រាសាស្ត្រ, MoU ស្តីពីកិច្ចសហប្រតិបត្តិការស្តង់ដាភាវូបនីយកម្ម, MoU ស្តីពីកិច្ចសហប្រតិបត្តិការអំពីការវាយតម្លៃភាពអនុលោម, MoU ស្តីពីវិស័យសារព័ត៌ មាន, MoU ស្តីពីកិច្ចសហប្រតិបត្តិការព័ត៌មាន, MoU ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គនា យកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, MoU ស្តីពីកិច្ច សហប្រតិបត្តិការរវាងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា, MoU ស្តីពីកិច្ចសហប្រតិបត្តិការទីភ្នាក់ងារអាកាប៉េ និងបណ្តាញព័ត៌មានចិន CMG, MoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌, MoU ស្តីពីកិច្ចសហប្រតិបត្តិការរវាង CMG ចិនជាមួយនឹងក្រសួងទេសចរណ៍, MoU ស្តីពីសហប្រតិបត្តិការលើវិស័យភាពយន្ត។

ចំណែកលិខិតប្តូរសាររួមមាន គម្រោងលំអផ្លូវជនបទជំហានទី៣, គំរោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ព្រឹទ្ធសភា, គំរោងជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ថែទាំនិងជួសជុលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោរយៈពេល៣ឆ្នាំ និងការសិក្សាសមិទ្ធលទ្ធភាពគំរោងលើកកម្រិតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាថ្នាក់តំបន់។

រីឯពិធីសារវិញរួមមាន ពិធីសារតម្រូវចត្តាឡីស័កនិងសុខភាពសម្រាប់ការនាំចេញ ក្រពើដែលបានបង្កាត់ពូជ, ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ចចត្តាឡីស័កនិង អនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ, ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់, និងពិធីសារបញ្ជួនក្រុមវេជ្ជសាស្ត្រចិនមកបំពេញការងារ នៅកម្ពុជារយៈពេល៣ឆ្នាំ។ ចំណែកផែនការសកម្មភាពចំនួនមួយ គឺសម្រាប់អនុវត្ត MoU ស្តីពី កិច្ចសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍រយៈពេល២ឆ្នាំ និងផែនការកិច្ចសហប្រតិបត្តិការចំនួនមួយដែរនោះ គឺស្តីពីការអភិវឌ្ឍន៍រួមគ្នាច្រករបៀងមច្ឆានិងអង្ករ។

គួរបញ្ជាក់ដែរថាបណ្តាញព័ត៌មាន Fresh News ដែលជាបណ្តាញព័ត៌មានឈានមុខមួយនៅកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន China Media Group ដែលជាប្រព័ន្ធដ៏ធំរបស់រដ្ឋចិន លើកិច្ចសហប្រតិបត្តិការ ផ្នែកផ្សព្វផ្សាយព័ត៌មាន នៅក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសកម្ពុជារយៈពេល២ថ្ងៃនេះផងដែរ។ ការចុះហត្ថលេខានេះ គឺរវាងលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ជាមួយតំណាង CMG លោក Cao Yi ប្រធានស្ថានីយអាស៊ីប៉ាស៊ីហ្វិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយនិងសំបូរបែប។

នៅក្នុងការចុះហត្ថលេខាលើឯកសារទាំង៣៧ ភាគីកម្ពុជានិងចិន បានឯកភាពធ្វើការរួមគ្នាដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សហកម្មប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំង២ បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍តំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗរួមមានប្រព័ន្ធដឹកជញ្ជូនបណ្តាញឋាមពលខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្ថុភារកម្ម។

ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជម្រុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា។ ភាគីចិន បានសម្តែងការគាំទ្រយ៉ាងពេញ ទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជម្រុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ៊្វូណនតេជោ។

កម្ពុជានិងចិន បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់បើកចំហរ តម្លាភាព បរិយាប័ន្ននិងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជា បន្តបន្ទាប់នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។

*យុគសម័យថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រ

បច្ចុប្បន្នទំនាក់ទំនងចិន-កម្ពុជា បានវិវត្តន៍ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការ» ដែលឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាជាបន្តបន្ទាប់ចាប់ពីសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបន្តដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុងបន្តដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពេលនេះទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់ចំណុចខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែបថែមទៀត។

សម្តេចបវរធិបតី បានថ្លែងចាត់ទុថា «ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស្តែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែងប្រទេសយើងទាំងពីរ បានពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមនូវជំនាន់សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាល បច្ចុប្បន្នទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ចំណុចខ្ពស់បំផុត ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមថា៖ «ប្រទេសយើងទាំងពីរកំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ចំពោះកម្ពុជា មិត្តចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ ភាពជាដៃគូកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»

*ការរួបរួមគ្នា ប្រឆាំងនឹងសម្ពាធខាងក្រៅ

ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ជាថ្មី នូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសចិនចំពោះអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបានសម្តែងការប្រឆាំងចំពោះការជ្រៀតជ្រែកពីខាងក្រៅ។ មេដឹកនាំកំពូលនៃប្រទេសចិន បានព្រមានប្រឆាំងរាល់ការប៉ុនប៉ងរបស់កងកម្លាំងអរិភាពទាំងឡាយណា ដែលចង់រំខានដល់ការរួបរួមនិងមិត្ត ភាពដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យដែល ជាការបង្ហាញឱ្យឃើញសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំង២។

លោកប្រធានាធិបតី Xi Jinping នៅក្នុងសារលិខិតរបស់លោក បានអំពាវនាវការរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់, ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌, ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា, ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ»។

ថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានថ្លែងថា៖ «យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោតសំខាន់ទៅលើភាពរួមគ្នាគ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក»

*ចែករំលែកចក្ខុវិស័យសម្រាប់ស្ថិរភាពសកល

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មិនត្រឹមតែបង្ហាញនូវការកសាងស្ពានមិត្តភាពដ៏រឹងមាំ និងការបង្កើនចំណងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ខកិច្ចដ៏រឹងមាំ រវាងប្រទេស ទាំងពីរប៉ុណ្ណោះទេ ដំណើរទស្សនកិច្ច នៅបានបង្ហាញនូវភាពប្តេជ្ញាជួយការពារសន្តិសុខដ៏រឹងមាំរវាងប្រទេសទាំង២ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានថ្លែងថាកម្ពុជានិងចិន បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុតមាំចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ និងចាត់ទុកថា តៃវ៉ាន់ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំ ពោះការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថាបញ្ហា ស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ភាគីចិន បានអះអាងនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យ នូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ កម្ពុជា និងចិន ប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើង លើទឹកដីនៃប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

លោកប្រធានាធិបតី Xi បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរ កម្ពុជានិងចិន ត្រូវតែបម្រើជា «អ្នកត្រួសត្រាយ និងជាគំរូ» ក្នុងការអនុវត្តគំនិតផ្តួចផ្តើមការអភិវឌ្ឍ សន្តិសុខ និងអរិយធម៌ពិភពលោកថែមទៀត។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងថា៖ «ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ»

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងបន្តថា៖ «យើងត្រូវតែរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោតសំខាន់ទៅលើភាពរួមគ្នាគ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក»

ឯកឧត្តមប្រធានាធិបតីចិន បានអំពាវនាវការរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយល្មោភអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរកម្ពុជា-ចិន និងប្រទេសដែលកំពុងអភិវឌ្ឍន៍។ លោកបានអំពាវនាវ ឱ្យមានពហុប៉ូលភាវូបនីយកម្មពិភពលោក ដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការផ្តល់ផលប្រយោជន៍ជាទូទៅ ដោយការប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមប្រធានាធិបតីចិន នៅក្នុងសារលិខិត បានរំលេចនូវកំណាព្យចិនបុរាណមួយឃ្លាដែល ប្រៀបធៀបមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ លោកប្រធានាធិបតីបានថ្លែងថា មិត្តភក្តិពិតប្រាកដប្រៀបដូចជាមាសបរិសុទ្ធ។ មាសសុទ្ធ នឹងមិនមានការប្រែប្រួល សូម្បីតែចម្រាញ់ច្រើនលើកច្រើនសារក៏ដោយ។

ថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានបង្ហាញភាពប្តេជ្ញាចិត្តថា «ភាគីចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល៕