(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ១០០នាក់។
បណ្ឌិត កៅ ថាច បានរំលឹកថា អនុស្សរណៈនៃការយោគយល់គ្នារវាង ARDB និង APRACA ជាមជ្ឈមណ្ឌលមួយ ដែលឧទ្ទិសដល់ហិរញ្ញវត្ថុបៃតង និងអាកាសធាតុសម្រាប់វិស័យកសិកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាពិសេស ធនាគារ ARDB និងACE-GFA ស្វែងរកការជំរុញការស្រាវជ្រាវ សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ផ្តល់ការបណ្តុះបណ្តាល ជំរុញការសន្ទនាគោលនយោបាយ ការធ្វើតេស្តសាកល្បងនៃការច្នៃប្រឌិត និងផ្តល់សេវាកម្ម ការប្រឹក្សាយោបល់ ដើម្បីពង្រឹងហិរញ្ញវត្ថុបៃតងប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកសិកម្ម។
លើសពីនេះ លោកបណ្ឌិត កៅ ថាច នៅតែចាត់ទុកថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កំពុងកើតឡើងរួចហើយនៅទូទាំងពិភពលោក ប៉ុន្តែវិស័យកសិកម្ម ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានភាពងាយរងគ្រោះជាពិសេសផងដែរ។ ក្នុងនោះបញ្ហាអាកាសធាតុមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតយូរ និងទឹកជំនន់ខ្លាំង ការគំរាមកំហែងដល់សន្តិសុខស្បៀង រំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ជនបទ។
ទន្ទឹមនោះ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការជំរុញការផ្លាស់ប្តូរនេះ ធនាគារ ARDB និង ACE-GFA បានផ្តួចផ្តើមសិក្ខាសាលាថ្ងៃនេះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។
លោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA បានបង្ហាញពីហិរញ្ញវត្ថុបៃតង និងនិរន្តរភាព បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដែលបញ្ជាក់ពីការវិនិយោគបៃតង ក៏ដូចជាឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុ រួមទាំងបទពិសោធន៍ពីគ្រឹះស្ថានហិរញ្ញវត្ថុអាកាសធាតុកម្ពុជា (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (GCF)។
តាមរយៈសិក្ខាសាលានេះ អ្នកជំនាញ បានពិភាក្សា លើប្រធានបទសំខាន់ៗ ដោយផ្តោតលើដំណោះស្រាយជាក់ស្តែង យុទ្ធសាស្ត្រ និងឱកាសសម្រាប់ការជំរុញហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់។
ក្នុងនោះប្រធានបទទី១ ផ្តោតលើ «ក្របខ័ណ្ឌគំនិតនៃហិរញ្ញវត្ថុបៃតងដល់វិស័យកសិកម្ម» បង្ហាញដោយបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA ,បទបង្ហាញលើប្រធានបទទី ២ «យុទ្ធសាស្ត្រជាតិសម្រាប់ការជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង» ដោយលោក អ៊ុង សឿន អ្នកឯកទេសហិរញ្ញវត្ថុអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រក្រសួងបរិស្ថាន, បទបង្ហាញលើប្រធានបទទី៣ «គោលនយោបាយលើកកម្ពស់ការផ្លាស់ប្តូរហិរញ្ញវត្ថុបៃតងក្នុងវិស័យកសិកម្ម» ដោយលោក ថៃ ហ្សឺឌី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុបៃតងនៃធនាគារ ARDB។ សម្រាប់បទបង្ហាញលើប្រធានបទទី៤ គឺ «បញ្ហាប្រឈមនិងឱកាសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការជំរុញការអនុវត្តហិរញ្ញវត្ថុបៃតង» ដោយលោក សឿង ផន ប្រធានផ្នែកឥណទាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងឥណទានធនាគារអេស៊ីលីដា និងបទបង្ហាញលើប្រធានបទទី៥ «ការអនុវត្តល្អបំផុត៖ Cambodia Climate Finance Facility (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (GCF)» ដោយកញ្ញា ជួន មុនីរ័ត្ន (ម៉ូណា) អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុអាកាសធាតុនិងយុទ្ធសាស្ត្រមេគង្គផងដែរ។
លោកបណ្ឌិត កៅ ថាច បានថ្លែងថា ការពិភាក្សាក្នុងសិក្ខាសាលាថ្ងៃនេះ នឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផលដែលអាចអនុវត្តបាន ដែលនឹងជំរុញហិរញ្ញវត្ថុបៃតងឆ្ពោះទៅមុខ។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA គណៈកម្មាការ និងវាគ្មិនកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិ អ្នកចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃសម្រាប់សិក្ខាសាលាថ្ងៃនេះផងដែរ៕