​(សៀមរាប)៖ ផ្លូវជនបទ១ខ្សែ ក្រាលកៅស៊ូ DBST ប្រវែងជិត ១២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវប្រសិទ្ធភាព នៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដែលនេះជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម ​វប្បធម៌ និងលើកកម្ពស់ដល់ការរស់របស់ពលរដ្ឋនៅតំបន់ជនបទ។

​ក្នុងឱកាសចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល​ភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែងជិត ១២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យ ផ្សេងៗ នៅភូមិច្រនៀង ឃុំស្រណាល ទៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ​ ​លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ​បានផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជា ប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ដែលរស់ក្នុងមូលដ្ឋាននោះផ្ទាល់​។

លោកបានលើកឡើងផងដែរថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍន៍ ផ្លូវនៅតាមជនបទ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដោយសម្តេចទាំងទ្វេ បានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។

លោក បន្តថា ​ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណ​ភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បញ្ហានេះ​ តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ នៃការ រួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

​លោក ប៊ុន ច័ន្ទវណ្ណៈ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការស្ថាបនា។ ជាក់ស្តែងទោះបី ផ្លូវនេះបានបញ្ចប់សុពលភាពក៏ពិតមែន តែបានធានានូវគុណភាពល្អប្រសើរ ដើម្បីការ ប្រើប្រាស់យូរអង្វែង​៕