(កំពង់ធំ)៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានលោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះបើកវេទិកាមួយ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលខេត្តកំពង់ធំសម្រេចបាន នាពេលកន្លងមក និងរៀបចំផែនការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ។
វេទិការនេះ ធ្វើឡើងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាឱកាសប្រជាពលរដ្ឋក្នុងស្រុក ដែលទទួលបាននូវការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលស្រុក ជាមួយប្រជាពលរដ្ឋក្នុងឃុំ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងវិស័យឯកជន ដើម្បីផ្លាស់ប្តូរយោបល់ ដកបទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំនួរ សំណូមពរ និងមតិយោបល់ផ្ទាល់ខ្លួន អំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ខេត្ត ប្រកបដោយចីរភាព តាមបែបប្រជាធិតេយ្យ។
លោក គង់ វិមាន បានជំរុញឲ្យមន្ទីរជំនាញជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយ នូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ ដាក់បញ្ចូលក្នុងកម្មវិធីអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព តាមបែបលទ្ធិប្រជាធិតេយ្យ។
លោកក៏បានបន្តថា «បញ្ហារបស់ប្រជាពលរដ្ឋ គឺជាបញ្ហារបស់ថ្នាក់ដឹកនាំគ្រប់រូប ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ដូច្នេះកង្វល់របស់ពលរដ្ឋនាពេលនេះ យើងត្រូវតែដោះស្រាយឲ្យបានទ្ធផលល្អប្រសើរ ដោយកម្រិតណាដែលយើងអាចដោះស្រាយបាន គឺយើងដោះស្រាយ ហើយកម្រិតណាដែលយើងដោះស្រាយមិនបាន ត្រូវបញ្ជូនទៅថ្នាក់លើបន្តជួយដោះស្រាយបន្តទៀត»។
សូមជម្រាបថា អង្គវេទិការក៏បានដាក់ការពិភាក្សាជូនប្រជាពលរដ្ឋ ដើម្បីសម្ដែងមតិ និងលើកឡើងអំពីបញ្ហាផ្សេងៗ ដែលកើតមាននៅមូលដ្ឋានរបស់ពួកគាត់ ដូចជាបញ្ហាព្រៃឈើ បញ្ហាដីធ្លី បញ្ហាអប់រំ អគ្គិសនី។ គណៈអធិបតី និងអង្គភាពពាក់ព័ន្ធ ក៏បានទទួលយកបញ្ហាទាំងនោះ និងដាក់ផែនការដោះស្រាយជូនប្រជាពលរដ្ឋ តបតាមសំណូមពរ៕