(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការសម្រួលសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះទៅពិនិតត្យមើលទំនិញលក់ដូរ នៅក្នុងផ្សារចក្រី ស្រុកព្រះនេត្រព្រះ ប៉ុន្តែជាលទ្ធផល រកឃើញតែស្ករគ្រាប់ចំរុះ១៨៣កញ្ចប់ប៉ុណ្ណោះ ដែលហួសកាលបរិច្ឆេទ។
ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា យុទ្ធនាការចុះពិនិត្យទំនិញដាក់លក់នៅក្នុងផ្សារចក្រីខាងលើនេះ បានធ្វើឡើងក្រោម ការដឹកនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកំាកុងត្រូលខេត្ត ប៉ុន្តែក្រោយការចុះពិនិត្យ នៅតាមតូបលក់ដូរបង្ហាញឲ្យឃើញថា ក្រុមអាជីវករកាន់តែមានការយល់ដឹងខ្ពស់លើការលក់ទំនិញ។
លោកបានបញ្ជាក់ថា «នៅពេលនេះ បងប្អូនអាជីវកររបស់យើង មានការយល់ដឹងខ្ពស់ ហើយពួកគាត់មិនបាននាំយកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មកលក់ទៀតនោះទេ ចឹងហើយទំនិញលក់នៅក្នុងផ្សារទាំងមូល យើងរកឃើញតែស្ករហួសកាលបរិច្ឆេទចំនួន១៨៣កញ្ចប់តែប៉ុណ្ណោះ»។
ជាមួយគ្នានេះ ក្រុមការងារទាំងអស់ក៏មិនបានរកឃើញមានការលក់ដូរអង្ករផ្លាស្ទិក នៅក្នុងផ្សារនោះទេ។ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារ មិនត្រូវចាញ់បោកព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមនោះឡើយ ដែលថា មានអង្ករផ្លាស្ទិក គឺជារឿងបំពុលមួយតែប៉ុណ្ណោះ។
បើតាមលោក ហុង លៀង សម្រាប់ស្ករគ្រាប់ទាំង១៨៣កញ្ចប់នោះ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការបំផ្លាញចោល៕