(កំពត)៖ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំង១៣ ក្នុងមូលដ្ឋានស្រុក ចុះធ្វើពលកម្ម សម្អាតអនាម័យ បរិស្ថាន ឲ្យមានសោភ័ណ្ឌភាព នៅតាមបណ្ដោយផ្លូវជាតិ និងតាមបណ្ដោយផ្លូវឆ្នេរកម្សាន្តកោះស្មៅ រហូតដល់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីបដិសណ្ឋារកិច្ចអបអរសាទរទទួលស្វាគមន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

លោកអភិបាលស្រុកទឹកឈូ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតអនាម័យ ចេះទុកដាក់សំរាមរឹងរាវឲ្យបានស្អាត សមរម្យ និងថែរក្សាបរិស្ថានឲ្យស្រស់បំព្រង តាមដងផ្លូវជាតិ និងផ្លូវផ្សេងៗ ពិសេសបណ្ដាផ្លូវដែលមានការពាក់ព័ន្ធ ដើម្បីទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាប៉ុន្មានថ្ងៃខាងមុខ៕