(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងការរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈសម្តេចអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ នៅភូមិ -ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «តាំងពីមានការកសាងផ្លូវថ្នល់ជូនប្រជាពលរដ្ឋរួចមក ឃើញថាបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមក បានលឿនជាងមុន ចឹងការកសាងផ្លូវនេះ ជួយបងប្អូនប្រជាពលរដ្ឋកាត់បន្ថយការចំនាយពេល និងចំណាយថវិកាថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតេជោ នឹងខិតខំប្រឹងប្រែងដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ ក្រៅពីនោះសម្តេចតេជោ អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសមិទ្ធផល ដែលបានកសាងនេះដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយប្រើប្រាស់បន្តទៀត៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖