(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចប្រធានរដ្ឋសភា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់រូបខ្ញុំ។ កាយវិការនេះ គឺជាការផ្តល់នូវមហាកិត្តិយសយ៉ាងធំធេង ធ្វើឱ្យរូបខ្ញុំមានកម្លាំងចិត្ត កាន់តែមោះមុតក្នុងបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ក្នុងការកសាងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត សម្ដេច សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕