Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជូនពរសម្តេចនៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

18-04-2025 13:27

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

សម្តេចប្រធានរដ្ឋសភា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តាន ចិត្តដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលតែងតែលើក ទឹកចិត្ត និងគាំទ្រដល់រូបនាងខ្ញុំ។ កាយវិការនេះគឺជាការផ្តល់នូវមហាកិត្តិយសយ៉ាងធំធេង ធ្វើឱ្យនាងខ្ញុំមាន កម្លាំងចិត្តកាន់តែមោះមុតក្នុងបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ក្នុងការកសាងសុខ សន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត សម្តេច សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយ ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕