(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា ដែលចេញទៅលេងក្រៅប្រទេស មានជិត១លាននាក់ ចំណែកទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាមាន ជាង៣លាននាក់ ក្នុងនោះទេសចរវៀតណាម នៅតែឈរលើលំដាប់ថ្នាក់លេខ១។
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា រយៈពេល៨ខែ ដើមឆ្នាំ២០១៦ មានចំនួន ៣,១៦២,៩០៧នាក់ កើនឡើង៤.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៥។
របាយការណ៍បានបន្តថា រយៈពេល៨ខែ ឆ្នាំ២០១៦ ទេសចរកម្ពុជា ចេញទៅក្រៅប្រទេសមានចំនួន ៩៣៧,៥៨៨នាក់ កើនឡើង២៣.៧ភាគរយ ធៀបនឹងរយៈពេល៨ខែដូចគ្នា នៅឆ្នាំ២០១៥។
គួរបញ្ជាក់ថា ទីផ្សារទេសចរអន្តរជាតិទាំង១០ ដែលចូលមកទស្សនាកម្ពុជាច្រើនជាងគេរួមមាន៖ វៀតណាម ចិន កូរ៉េខាងត្បូង ថៃ ឡាវ អាមេរិក ជប៉ុន អង់គ្លេស បារាំង និងម៉ាឡេស៊ី ក្នុងនោះទេសចរវៀតណាម នៅតែឈរលើលំដាប់លេខ១ ដែលមានចំនួន ៦២៧,៧២៦នាក់ ឯលំដាប់លេខ២ គឺទេសចរចិន មានចំនួន ៥១៤,៤១៨នាក់។
សូមជម្រាបថា តាមការព្យាករណ៍ទុករបស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ៤ភាគរយ ហើយនៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសអន្តរជាតិ លើសពី៧លាននាក់៕