(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការផ្សព្វផ្សាយការងារ អប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ដល់មន្ដ្រីក្រោមឱវាទ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់សន្តិសុខ នាយ នាយរង ពលអាវុធហត្ថទូទាំងខេត្ត ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានថ្លែងថា ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត គឺមានគោលបំណង ពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ឲ្យក្ដាប់ជាប់នូវការវិវឌ្ឍ នៃសភាពការនយោបាយ និងសន្តិសុខសង្គម។ លោកមេបញ្ជាការ សង្កត់ធ្ងន់ថា អាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងពី សភាពការណ៍សកលលោក តំបន់ សភាពការណ៍ជាតិ សភាពការណ៍កងយោធពលខេមរភូមិន្ទ និងសភាពការណ៍ កងរាជអាវុធហត្ថផងដែរ៕