(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ជាមួយនឹងការអបអរសារទរកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធី បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជានេះ។

​សប្តាហ៍ភាពយន្តចិននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រដ្ឋបាលភាពយន្តចិន គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសារភាពយន្តចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍ សប្តាហ៍ភាពយន្តចិននៅកម្ពុជា ឱ្យលេចរូបរាងឡើងនាពេលនេះ។

លោកស្រីបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជាពិសេសតាមប្រវត្តិសាស្រ្តកម្ពុជា បានបង្ហាញថា ប្រទេសចិន និងកម្ពុជា មានសម្ព័ន្ធភាពជាមួយគ្នា ជាយូរអង្វែងមកហើយ ឧទាហរណ៍ដូចជា កំណត់ត្រារបស់លោក កាំង ថៃ និងលោក ជីវ តាក្វាន់ ដែលជារាជទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា នាសម័យហ្វូណន និងសម័យអង្គរ។

លោកស្រីបណ្ឌិតសភាចារ្យបានបញ្ជាក់ថា នាសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏មានចំណងមិត្តភាពយ៉ាងស្អិតរមួត ជាមួយលោកប្រធាន ម៉ៅ, លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ ហើយចំណង ការទូតជាផ្លូវការរវាងប្រទេសទាំងពីរ បានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បានឈានចូលដល់ដំណាក់កាលគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។
ក្នុងអំឡុងពេលដែលពិភពលោករងគ្រោះដោយជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនភ្លាមៗ ដើម្បីសម្តែងនូវការព្រួយបារម្ភ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាជនចិន ហើយត្រូវបានគេដាក់រហស្សនាមថា បុរសសង្ហាដើរបញ្ច្រាសទិស។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ការបំពេញទស្សនកិច្ចបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យឃើញពី អត្ថន័យស្នូលនៃសហគមន៍ រួមជោគវាសនាតែមួយរវាងចិន និងកម្ពុជា ដែលមិនបោះបង់គ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លើសពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ក៏នៅបន្តគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា និងចិន ព្រមទាំង យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន ក្នុងបណ្តាឆ្នាំថ្មីៗនេះកម្ពុជា-ចិន បានសម្រេចរួមគ្នា គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ទៀតផង។

លោកស្រីបណ្ឌិតសភាចារ្យបានបញ្ជាក់ទៀតថា ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែរីកចម្រើនទៅមុខ រឹងមាំជ្រាលជ្រៅខ្លាំងឡើងៗគួរជាទីមោទនៈ ហើយកិច្ចសហប្រតិបត្តិការនានា រវាងភាគីយើងទាំងពីរ ក្នុងវិស័យវប្បធម៌ ក៏បានដើរតួនាទីយ៉ាងសកម្ម និងស្រួចស្រាល់ផងដែរ។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូកម្ពុជា និងចិន ការចូលរួមសកម្មភាពវប្បធម៌នានា ការចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរអភិរក្ស និងជួសជុលប្រាសាទ បុរាណកម្ពុជា ព្រមទាំងការចូលរួមគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិការអន្តរជាតិនានា ពិសេសវេទិកានៃកិច្ចប្រជុំអង្គការយូណេស្កូជាដើម ជាមួយនេះកិច្ចសហការក្នុងវិស័យភាពយន្ត រវាងប្រទេសចិន និងកម្ពុជា ក៏បន្តពង្រឹងលើកកម្ពស់កាន់តែប្រសើរឡើង តាមរយៈគម្រោងសហប្រតិបត្តិការនានា។

លោកស្រី Zhang Xuxia បានលើកឡើងថា ប្រធានាធិបតី Xi Jinping និងមេដឹកនាំកម្ពុជា ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏បានទទួលលទ្ធផលជាផ្លែផ្កាផងដែរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping មកកាន់ប្រទេសកម្ពុជាម្តងទៀត បន្ទាប់ពីរយៈពេល៩ឆ្នាំ យើងមានកិត្តិយសយ៉ាង ជ្រាលជ្រៅដែលមានរដ្ឋបាលភាពយន្តជាតិចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការភាពយន្ត រួមគ្នាធ្វើជាម្ចាស់ផ្ទះ សប្តាហ៍ភាពយន្ត ចិន ហើយមកទស្សនា និងផ្លាស់ប្តូរជាមួយឧស្សាហកម្មភាពយន្តកម្ពុជា។

លោកបានបន្ដថា កម្ពុជាជាប្រទេសបុរាណមួយ ដែលមានប្រវត្តិ និងអរិយធម៌ដ៏យូរអង្វែង សម័យអង្គរពីសតវត្សទី៩ដល់សតវត្សទី១៤ ជាសម័យដ៏រុងរឿងបំផុត ក្នុង ប្រវត្តិសាស្ត្រខ្មែរ ដោយឈរលើមូលដ្ឋានទាំងនេះ ភាពយន្តខ្មែរ គឺពោរពេញដោយភាពទាក់ទាញ នៃសិល្បៈជាមួយនឹងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ ការបង្កើតតួអង្គដែលសម្បូរបែប និងមានលក្ខណៈវិមាត្រ៣(3D) និងមានភាសាដ៏រស់រវើកពោរពេញ ដោយភាពទាក់ទាញផ្នែកសិល្បៈ ហើយទេពកោសល្យភាពយន្តជាច្រើនបានលេចចេញមក។

លោកបានបញ្ជាក់ថា ដូចប្រទេសកម្ពុជាភាពយន្តមានប្រវត្តិយូរលង់ណាស់មកហើយនៅ ក្នុងប្រទេសចិនហើយ ត្រូវបានប្រជាជនចូលចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ននេះប្រទេសចិន ផលិតភាពយន្តប្រហែល៨០០រឿង ក្នុងមួយឆ្នាំមានរោងកុនជាង១៥០០០កន្លែង អេក្រង់ជាង៩០០០០ និងប្រាក់ចំណូលប្រចាំឆ្នាំរបស់ Box Office ខ្ពស់រហូតដល់ ៦៤,២ពាន់លានយន់ (ប្រហែល៩ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាទីផ្សារភាពយន្តធំទីពី ររបស់ពិភពលោក យើងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបតិ្តការ រវាងឧស្សាហកម្មនៃភាគីទាំងពីរ ដើម្បីឲ្យមានការនាំយកខ្សែភាពយន្តបន្ថែមទៀតទៅវិញទៅមករវាងប្រទេសទាំងពីរ៕