(ភ្នំពេញ)៖ អាណាព្យាបាលសិស្សានុសិស្សជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅមុខវិទ្យាស្ថានឌែលី ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយដឹងថា នាយកសាលាមួយនេះបានរត់គេចខ្លួន បង្អាក់ការសិក្សាកូនៗរបស់ពួកគាត់ទាំងកណ្ដាលទី ថែមទាំងមិនបានបើកប្រាក់ខែ ឲ្យបុគ្គលិកជាច្រើននាក់ផងដែរ។

ការភ្ញាក់ផ្អើលដោយសារតែនាយកសាលាឯកជនខាងលើនេះ រត់ចោលកូនសិស្ស ដោយសារតែភាពក្ស័យធននោះ បានកើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នាយកសាលាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លី សេងហ៊ុយ អាយុ៤០ឆ្នាំ ធ្លាប់ស្នាក់នៅក្នុងសាលាផ្ទាល់។

បុគ្គលិកដែលបម្រើការងារនៅវិទ្យាស្ថានឯកជនមួយនេះ បានឲ្យដឹងថា សាលានេះមានបុគ្គលិក លោកគ្រូ-អ្នកគ្រូជិត៥០នាក់ ដោយទទួលបានប្រាក់ខែក្នុងម្នាក់ៗ ២០០ដុល្លារក្នុងមួយខែ, អ្នកបើករថយន្តដឹកសិស្សជាង២០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ខែ៥០០ដុល្លារ (រថយន្តខ្លួនឯង) និងអ្នកអនាម័យក្នុងសាលា២នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ខែ១២០ដុល្លារ។ លោកគ្រូ-អ្នកគ្រូ រួមទាំងបុគ្គលិកដទៃទៀត បាននិយាយថា រយៈពេល៣ខែមកហើយ ដែលពួកគាត់មិនបានទទួលប្រាក់ខែពីសាលា ដោយនាយកសាលាបានសន្យា១ខែហើយ១ខែទៀត និងសូមឲ្យពួកគាត់ជួយបន្តធ្វើការងារ តែដល់ពេលនេះលោកនាយករត់គេចខ្លួនចោលសាលាតែម្តង។

ពួកគាត់បានបន្តថា អ្នកដែលជួបបញ្ហាមិនមែនត្រឹមតែប៉ះពាល់ដល់ពួកគាត់ ជាគ្រូបង្រៀននោះទេ អ្វីដែលសំខាន់នោះ គឺសិស្សានុសិស្សរាប់រយនាក់ ដែលកំពុងសិក្សាត្រូវបាត់បង់​ការសិក្សាពាក់​កណ្តាលទី ផងដែរ។ ចំណែកអាណាព្យាបាលសិស្ស បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះនាយកសាលានេះ ព្រោះហាក់បីដូចជា មកបំផ្លាញអនាគតកូនៗរបស់ពួកគាត់ ដែលមានជំនឿ​ទុកចិត្តទៅលើសាលា ថានឹងអាចផ្តល់អនាគតភ្លឺស្វាង ដល់កូនៗរបស់ពួកគាត់។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្សខាងលើ អង្គភាព Fresh News មិនអាចធ្វើការឆ្លើយបំភ្លឺពី លោក លី សេងហ៊ុយ បានទេ៕


ឈ្មោះ លី សេងហ៊ុយ នាយកវិទ្យាស្ថាន Deli