(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ប្រទេសកម្ពុជា និងរដ្ឋបាលស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រណាំងទូក បែបលក្ខណៈប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនរស់នៅតាមព្រំដែន ក៏ដូចជាដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំង២ នាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៩ គ.ស២០២៥នេះ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរឃុំកំពង់ស្រឡៅមួយ និងមានការចូលរួមពីអាជ្ញាធរឃុំ ស្រុក នៃស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវផងដែរ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅដងទន្លេល្ពៅ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប។
នៅក្នុងឱកាសនេះដែរ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋរស់នៅតាមព្រំដែន កម្ពុជា-ឡាវ នៃឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ស្រុកឆែប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកអភិបាលខេត្តសូមជួនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ សុភមង្គល និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
លោកអភិបាលស្រុកឆែប បានកោតសរសើរដល់អាជ្ញាធរឃុំកំពង់ស្រឡៅមួយ ព្រមទាំងប្រជាពលរដ្ឋរស់នៅតាមព្រំដែន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានថែក្សានូវប្រពៃណីទំនៀមទម្លាប់ ពិសេសបានបង្ហាញពីការរឹតចំណងសាមគ្គីភាពគ្នាបានយ៉ាងល្អ រវាងថ្នាក់ដឹកនាំ កងកម្លាំង និងប្រជាពលរដ្ឋ តាមព្រំដែននៃប្រទេសទាំង២ ដែលតែងធ្វើពិធីរួមគ្នាយ៉ាងសប្បាយរីករាយ ជាក់ស្តែងដូចជាពិធីប្រណាំងទូកនាថ្ងៃនេះ ដើម្បីអបអរសាទរថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ២០២៥នេះផងដែរ។
លោក ឃិត សុធារ៉ា ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន កម្ពុជា-ឡាវ ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយះពេល៣ថ្ងៃនេះ នៅខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក គីម រិទ្ធី អភិបាលខេត្ត គឺបានរៀបចំ «ព្រះវិហារសង្ក្រាន» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងអធិកអធម និងធំជាងឆ្នាំកន្លងទៅ ព្រមទាំងមានកម្មវិធីកម្សាន្តប្លែកៗជាច្រើន ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ សម្រាប់បងប្អូននៅទីនេះ ក៏ដូចជាបងប្អូនឡាវ ក៏បានលេងកម្សាន្តពិធីបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយជាមួយគ្នាផងដែរ។
បើតាមលោកអភិបាលស្រុកឆែប ថ្លែងបញ្ជាក់ថា៖ពិធីប្រណាំទូកង មិត្តភាព រទូករវាងស្រុកឆែប និងស្រុកខូង នាថ្ងៃនេះមានទូកចូលរួមប្រណាំងសរុបចំនួន២៣ទូក ក្នុងនោះ ទូកបងប្អូនឡាវមានចំនួន ៤ទូក។លោកថា ក្នុងចំណោមទូកទាំង២៣ដែលចូលរួមប្រណាំងមានចំណុះដូចខាងក្រោម៖
១៖ ទូកសហគមន៍ បុរស ៤ចង្វា មាន ចំនួន ៩ទូក
២៖ ទូកផ្កាចារ បុរស ៤ចង្វា ចំនួន ៥ទូក
៣៖ ទូកផ្កាចារ បុរស ១២ចង្វា មាន ៧ទូក
៤៖ ទូកផ្កាចារ ប្រភេទនារី ៤ចង្វា មាន ២ទូក។ លោកក៏បានឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់កម្មវិធីប្រណាំងទូកនាថ្ងៃនេះផងដែរ៕