(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការជឿជាក់ថា តាមរយៈការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» គឺពិតជាចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត រវាងប្រទេសទាំងពីរ ទាំងក្នុងមជ្ឈដ្ឋានប្រជាជនក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ។
លោកបណ្ឌិតសភាចារ្យ ថ្លែងបែបនេះក្នុងសុន្ទរកថាគន្លឹះ នៅក្នុងពិធីសម្ភោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំទាំង៥ស្ថាប័ន ដែលបានខិតខំធ្វើការអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការរៀបចំពិធីដ៍ឱឡាឫកនេះឡើង។ ដោយចំណងមិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ចម្លាក់ដែលបរិយាយពីវត្តមានរបស់ប្រជាជនចិន, អាជីវករចិន និងកងព័ទចិននៅលើជញ្ជាំងប្រាសាទបុរាណកម្ពុជា គឺជាភស្តុតាងដ៍សំខាន់ដើម្បីពីជម្រៅនៃទំនាក់ទំនង រវាងប្រទេសយើងទាំងពីរតាំងពីសម័យបុរាណកាលមក។
លោកបណ្ឌិតសភាចារ្យបានបន្តថា ដោយឡែកទំនាក់ទំនងកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ កាន់តែស៊ីជម្រៅ និងបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ មិនត្រឹមដើរតួនាទីជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរចាក់ឫសកាន់តែជ្រៅកាន់តែរឹងមាំ និងកាន់តែមានភាពធន់។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់ថា៖ «ក្នុងឋានៈជាធនាគារគំនិតសំខាន់របស់ជាតិ រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល គតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ក្នុងការរៀបចំខ្លឹមសារនៃការសន្ទនា និងការផ្លាស់ប្តូរទស្សនៈក្នុងបណ្ដាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។ ខ្ញុំជឿជាក់ថាថាតាមរយៈការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» គឺពិតជាចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតរវាងប្រទេសយើងទាំងពីរ ទាំងក្នុងមជ្ឈដ្ឋានប្រជាជនក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ»។
ទន្ទឹមគ្នានេះ ប្រធានរាជបណ្ឌិត្យសភានៃកម្ពុជា បានកត់សម្គាល់ឃើញថា ប្រធានាធិបតី ស៊ី ជីនភីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា យុវជន គឺជាអ្នកបន្តវេនពូនជ្រំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នៅកម្ពុជា យុវជនកាន់តែច្រើនឡើងៗស្រឡាញ់ ចូលចិត្ត និងរៀនភាសាចិន និងកាន់តែស្វែងយល់និងស្រឡាញ់វប្បធម៍ចិន។ ជាក់ស្តែង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានអ្នកចុះឈ្មោះចូលរៀនភាសាចិន ជាង១៣ម៉ឺននាក់។
ជាមួយគ្នានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្ដេជ្ញាថានឹងធ្វើការផ្លាស់ប្តូរវប្បធម៍កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនង មេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។
សូមជម្រាបថាកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាខ្មែរ) បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗ របស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើ ប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមក រវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មី និងតម្លៃសកលភាវូបនីយកម្ម នៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពី តម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិ និងទស្សនៈប្រវត្តិសាស្ត្រទូទៅ និងទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់ឯកឧត្តមប្រធានរដ្ឋចិន Xi Jinping៕