(ប៉ៃលិន)៖ បុរសម្នាក់ទៅលើកលបត្រី ដើរទាក់ខ្សែរភ្លើងបណ្ដាលឲ្យឆក់ស្លាប់ នៅក្នុងអូរក្រោយផ្ទះនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃើញសពបុរសនោះស្លាប់ផ្កាប់មុខ នៅក្នុងអូរក្រោយផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អូន សី ភេទប្រុស អាយុ៥១ឆ្នាំ រស់ភូមិកើតហេតុខាងលើ តាមការពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះ
ខាងលើនេះ ពិតជាស្លាប់ដោយសារការឆក់ខ្សែភ្លើងពិតប្រាកដមែន គឺមិនមែនជាអំពើឃាតកម្មទេ ព្រោះនៅជិតសពមានខ្សែភ្លើងដែលគេតទៅអណ្តូងសំរាប់ដាក់ម៉ូទ័រ បូមទឹកសំរាប់ជីកយករ៉ែត្បូង ហើយប្រហែលជាជនរងគ្រោះដើរកាត់ប្រហែលរអិលជើង យកដៃទៅតោងខ្សែភ្លើង បណ្តាលឲ្យឆក់ ស្លាប់នៅក្នុងទឹកអូរតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា មកពីដើរប៉ះខ្សែរភ្លើងដោយយប់ងងឹត ណាមួយយប់នោះភ្លៀងធ្លាក់ខ្លាំងណាស់ ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។ ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ច បានប្រគល់សពឲ្យទៅសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕