(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News ដែលជាបណ្តាញព័ត៌មានឈានមុខមួយនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CMG (China Media Group) ដែលជាប្រព័ន្ធដ៏ធំរបស់រដ្ឋចិន លើកិច្ចសហប្រតិបត្តិការ ផ្នែកផ្សព្វផ្សាយព័ត៌មាន នៅក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ CMG តំណាងដោយលោក Cao Yi ប្រធានស្ថានីយអាស៊ីប៉ាស៊ីហ្វិក​នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ និងសំបូរបែប។

ពិធីចុះអនុស្សរណៈយោគយល់ និងផ្លាស់ប្តូរឯកសារគ្នា ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និងព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដែលរៀបចំដោយ CMG នៅសណ្ឋាគារ Raffles Hotel Le Royal និងក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានការចូលរួមពី លោក ម៉ារ យ៉ារិទ្ធិ ទីប្រឹក្សាជាន់ខ្ពស់ Fresh News និងជាប្រធានបណ្ដុះបណ្ដាលព័ត៌មាន Fresh News លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា, លោក ខ្វៃ អាទិត្យា អគ្គនាយកទូរទស្សន៍អប្សរា, លោក មាស រិទ្ធី អគ្គនាយករង ទូរទស្សន៍ហង្សមាស, លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក យង់ ពៅ អគ្គលេខាធិការ រាជ្យបណ្ឌិតសភា, លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជ្យបណ្ឌិតសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕