(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។

កម្ពុជាមានអរិយធម៌គួរឱ្យគោរពយូរអង្វែង​មកហើយ។ ប្រជាជនកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាម បានកសាងអរិយធម៌ដ៏រុងរឿងអស្ចារ្យនេះ ហើយបានបង្កើតការចូលរួមចំណែកដ៏សំខាន់ ក្នុងវឌ្ឍនភាពរបស់មនុស្សជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុវត្តយ៉ាងក្លៀវក្លានូវយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជាបានមើលឃើញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅ។ ខ្ញុំមានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់​រាជរដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រជាជនកម្ពុជា នឹងសម្រេចបានសមិទ្ធផលកាន់តែល្អអស្ចារ្យថែមទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ជាតិ។

ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាសអន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ ចិននិងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិងវិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការអន្តរជាតិ។ ពួកយើងបានបម្រើជាគំរូដ៏ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែកកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ។

កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំការចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ រួមទាំងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីរឹតបន្តឹងចំណងមិត្តភាពរបស់យើង ហើយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ យើងនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ​ ហើយសហការគ្នាដើម្បីធ្វើឱ្យ ភាពជឿទុកចិត្តផ្នែកនយោបាយ កាន់តែខ្ពស់មួយកម្រិតទៀត និងជំរុញកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ដែលមានគុណភាពខ្ពស់ ព្រមទាំងធានានូវសន្តិខុសកាន់តែរឹងមាំ។ មិនតែប៉ុណ្ណោះ អនុវត្តកម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែញឹកញាប់ និង​ពង្រឹងការសម្របសម្រួលយុទ្ធសាស្រ្ត ដែលមានស្តង់ដាខ្ពស់ ហើយនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាជនយើង និងចូលរួម​ចំណែកផ្តល់ថាមពលវិជ្ជមានបន្ថែមទៀត ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕