(បន្ទាយមានជ័យ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារអន្តរជាតិ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសាងសង់អគារអ្នកដំណើរថ្មី នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជាតាមច្រកនេះកំពុងមានការកើនឡើង។

ការចុះត្រួតពិនិត្យទីតាំងសាងសង់ខាងលើ ធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីសាងសង់អគារអ្នកដំណើរថ្មីនេះឲ្យបានសមរម្យតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ។

បន្ទាប់ពីបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរួចមក លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា គម្រោងនេះត្រូវបានភាគីពាក់ព័ន្ធ ពិសេសផ្នែកឯកជន ក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ បានឯកភាព និងគំាទ្រ ព្រោះដើម្បីមុខមាត់នឹងសន្តិសុខរបស់ប្រទេសជាតិ ដែលនឹងត្រូវចាប់ផ្តើមសាងសង់ នៅដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ តាមគំរូប្លង់ដែលបានសម្រេចដោយរាជរដ្ឋាភិបាល (រយៈពេលសាងសង់ជាង១ឆ្នាំ)។

លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានជួបប្រជុំជាមួយមន្ត្រីច្រកទ្វារ ដើម្បីពង្រឹងការសម្រួលធ្វើដំណើរ ឲ្យបានកាន់តែល្អប្រសើរ ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ​ ដែលចូលមកទស្សនាកម្ពុជាតាមច្រកនេះ កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ។

តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ មានប្រមាណ៤០ម៉ឺននាក់ ស្មើ១៣ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិសរុប ក្នុងនោះមានជាង១០០សញ្ជាតិ ដូចជាថៃ រុស្សី អង់គ្លេស ចិន អាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង ជាដើម៕