(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥នេះ បញ្ហាសន្តិសុខ ត្រូវបានសមត្ថកិច្ចរៀបចំថែរក្សាការពារ ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ មិនមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ គឺមានបញ្ហាតិចតួចបានកើតឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍តិចតួច ការជ្រុះបាត់ទូរស័ព្ទ និងការវង្វេងកូនជាដើម ក៏ប៉ុន្តែបញ្ហាអស់នេះ ត្រូវបានសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ ជាពិសេសបញ្ហាការវង្វេងកូន ត្រូវបានសមត្ថកិច្ចជួយស្វែងរកឪពុក ម្ដាយបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី សេង មហា បានគូបញ្ជាក់ថា «ពិធីបុណ្យចូលឆ្នាំថ្មី ២០២៥នេះ គឺសមត្ថកិច្ចយើងបានថែរក្សាការពារសន្តិសុខ បានយ៉ាងល្អប្រសើរ ឬអាចនិយាយបានថា មិនមានបញ្ហាអ្វីកើតឡើងនោះទេ»៕