(ភ្នំពេញ)៖ ឃ្លាំងស្តុបកែវជ័រ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ​ បានបន្តថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង៦០ម៉ែត្រ គូប , រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរ នឹង១២ម៉ែត្រ គូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរ នឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ​ ក៏បានបញ្ជាក់បន្ថែមទៀតថា​ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ឃ្លាំងដែកប្រក់ស័ង្កសី ទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតសម្ភារៈម៉ូតូ ០១គ្រឿង, រម៉កចំនួន០២ និងគ្រឿងជ័រក្នុងឃ្លាំង ទំហំ (១០ម៉ែត្រ × ២០ម៉ែត្រ) អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ២៖០០នាទីយប់រំលងអាធ្រាតឈានថ្ងៃទី១៧ ខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕