(ឧត្តរមានជ័យ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា គឺធ្វើឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ។ លោកក៏បានថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ដែលយក ចិត្តទុកដាក់បង្រៀនសិស្សអស់ពីកម្លាំងកាយចិត្តថ្លែងអំណរគុណអាជ្ញាធរដែលខិតខំនចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព សន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋ និងកូនចៅ ប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្ត និងមានឱកាសគ្រប់បែបយ៉ាង ក្នុងការរស់នៅ និងធ្វើការងារផ្សេងៗ ដែលទាំងអស់នេះតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យើងទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាចំនួន០១ខ្នង០២ជាន់ ស្មើនិង១២បន្ទប់ ជួសជុលដំបូលអាគារចំនួន០៥ខ្នង និងសមិទ្ធិផលនានាដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពិធីបើកបវេសមកាលឆ្នាំសិក្សា២០១៦-២០១៧ ក្នុងវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត បាន អបអរសាទរជោគជ័យលទ្ធផលការសិក្សាកាលពីឆ្នាំកន្លងទៅនិងអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សក្នុងឱកាសបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ និងការកសាងនូវសមិទ្ធិផលនានា នៅក្នុងវិទ្យាល័យនេះ។
លោកបានបន្តថា រាជរដ្ឋាភិបាលបានកសាងសាលារៀនជាច្រើនដល់មូលដ្ឋានដើម្បីឲ្យកូនចៅប្រជាពលរដ្ឋទទួលបានឱកាសរៀនសូត្រគ្រប់ទីកន្លែងសំដៅអភិវឌ្ឍធនធានមនុស្សដែលធាត់ចូលដ៍សំខាន់ មិន អាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
លោក ហ៊ុន ម៉ាណែត បានផ្តល់ដំបូន្មានល្អៗ ឲ្យសិស្សានុសិស្សគោរពវិន័យ ត្រូវមានគុណធម៌ សីលធម៌ រៀនសូត្រឲ្យបានពូកែ ត្រូវជួយគ្នាទៅវិញទៅមក ជៀសវាងការប្រព្រិត្តិអំពើអបាយមុខផ្សេងៗ ដែល បំផ្លាញ ខ្លួនឯង គ្រួសារ និងសង្គម ព្រោះរាជរដ្ឋាភិបាលបានស្វែងរកសន្តិភាព ខិតខំកសាងសាលារៀន ឪពុកម្តាយខិតខំចិញ្ចឹមបីបាច់ថែរក្សា លោកគ្រូអ្នកគ្រូខិតខំបង្រៀនអស់ពីកម្លាំង កាយចិត្ត។ ដូច្នេះយុវជនត្រូវតែខិតខំកសាងអនាគតដោយ ខ្លួនឯង។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បាននាំយកនូវសម្ភារៈអំណោយសម្តេចតេជោ មួយចំនួន ទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ៩៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សិស្សានុសិស្ស ១៦០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ០២ក្បាល ប៊ិច ០១ដើម និងថវិកា ៣ពាន់រៀល កាកបាទក្រហមចំនួន ៥០នាក់ សិស្សកាយរិទ្ធចំនួន ៥០នាក់ ក្រុមយុវជនស.ស.យ.ក ៥០នាក់ យុវជន សរុប ១៥០នាក់ ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានឧបត្ថម្ភក្នុងកម្មវិធីនូវថវិកា ១០.៨០០.០០០លានរៀល៕