(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ឆ្នាំនេះ ក្នុងពិធីទទួលអំណរសាទរទេវតាសង្រ្កាន្ដឆ្នាំថ្មី ប្រពៃណីខ្មែរពីថ្ងៃទី១៤- ១៥- ១៦ ខែមេសា ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃមកនេះ យើងបានឃើញប្រជាជាតិខ្មែរទាំងក្មេងចាស់ ប្រុសស្រី ទូទាំងកម្ពុជរដ្ឋបានចេញដើរកំសាន្ដយ៉ាងភ្លូកទឹកភ្លូកដី សប្បាយរីករាយយ៉ាងពេញទំហឹង ក្នុងសំណើចសើចក្អាកក្អាយ ជាមួយនិងស្នាមញញឹមយ៉ាងស្រស់បំព្រងលើផែនដីសម័យតេជោសន្ដិភាព។

នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពស្វាហាប់ រឹងមាំ និងខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ ,ពីមួយអាណត្ដិទៅមួយអាណត្ដិ ,ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែឧត្តុង្គឧត្តមនិងរុងរឿង សំបូរសប្បាយ។

បើពោលឲ្យចំ សម័យតេជោសន្ដិភាព ក្រោមការដឹកនាំបន្ដវេនសម្ដេចបវរធិបតី មិនខុសពីសម័យបន្ដវេននាសម័យចក្រភពអង្គរពីស.វទី៩ដល់ទី១៤ មេដឹកនាំបន្ដវេនពីមួយជំនាន់ ទៅមួយជំនាន់ បានប្រកាន់យ៉ាងភ្ជាប់ខ្ជួននូវប្រពៃណីគោរពដឹងគុណដល់ចាស់ទុំ ឬបុព្វការីជន និងបានប្រកួតប្រជែងគ្នាថែរក្សាការពារសន្ដិភាព និងកសាងចក្រភពឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាលំដាប់ថែមទៀត។ ព្រោះប្រពៃណីកតញូដល់ចាស់ទុំ ឬបុព្វការីជនខ្លួននាំនូវ "សន្ដិភាពនិងយសសិរី" ដល់ប្រជាជាតិខ្មែរទូទាំងកម្ពុជរដ្ឋ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ ក្នុងអាណត្ដិរាជរដ្ឋាភិបាលដំបូង ក្រោមការដឹកនាំសម្ដេចបវរធិបតី មានរយៈពេលទើបជាង១ឆ្នាំមកនេះ យើងឃើញ មានការរៀបចំពិធីបុណ្យជាតិធំៗ មានចំនួនបី គឺ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខែវិច្ឆិកា ឆ្នាំ២០២៤ , ពិធីបុណ្យឆ្លងឆ្នាំសកលព្រឹត្តិការណ៍សាទរកម្ពុជា-Celebrating Cambodia ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ឆ្លងឆ្នាំ២០២៥ នៅពីមុខបរមរាជវាំង និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ កាន់តែមានភាពអធិកអធម បានរះកាន់តែខ្ពស់ត្រដែត និងសប្បាយរីករាយដ៏អស្ចារ្យថែមទៀត។

ហេតុនេះ ភាពសប្បាយរីករាយសង្រ្កាន្ដឆ្នាំថ្មីនេះ បានធ្វើឲ្យប្រជាជាតិខ្មែរទូទាំងកម្ពុជរដ្ឋមានភាពកត់ក្ដៅ ដោយម្នាក់បានលន់មាត់គ្រប់ៗគ្នាថា អូហ៍! មេដឹកនាំយើងជំនាន់ក្រោយពិតជាកុលបុត្រខ្មែរមហានគរ គឺជាចន្ទល់ដ៏រឹងមាំរបស់ជាតិ និងជាទីជឿទុកចិត្ដពិតប្រាកដអស្ចារ្យមែន។ ដូច្នេះ រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំសម្ដេចបវរធិបតី បានដឹកនាំនាវាកម្ពុជាកាន់តែមានសន្ទុះខ្លាំងក្លា និងឆ្ពោះទៅរកភាពសំបូរសប្បាយរុងរឿង មិនខុសពីបណ្ដាប្រទេសមានអរិយធម៌ជឿនលឿនលើពិភពលោកទ្បើយ៕