(ព្រះវិហារ)៖ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជាពលរដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន១២.៣៨៣០នាក់។
បើតាមលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រលប់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបានចូលទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។
លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ឱ្យដឹងថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរបរទេសចំនួន១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេងសង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។
លោក គង់ វិបុល ក៏បានថ្លែងប្រាប់ទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេងកម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើនដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មានលក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្មវិធីសប្បាយៗជាច្រើនទៀតផង៕