(ភ្នំពេញ)៖ ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង ជនមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅក្នុងសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី២ ខែវិច្ចកា ឆ្នាំ២០១៦ ត្រូវបានក្រុមការ​ងារអនុសាខា​កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ខ្នងផ្ទះ។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។ លោកបានបន្តថា សុខទុក្ខប្រជាពលរដ្ឋ និងសុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺតែមួយ។ ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ បានប្រគល់ជូននូវរទេះ​រុញថ្មីមួយគ្រឿង ដល់ស្ត្រីពិការជើងម្នាក់ដោយគ្រោះថ្នាក់ចរាចរផងដែរ។ នេះស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះពលរដ្ឋដែលកំពុងមានទុក្ខលំបាក។

លោក ជា សុខៃ ចៅសង្កាត់អង្រែក្រោម បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលក្រុមការងារកាកបាទក្រហមយកមកផ្តល់ជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន ៖
អង្ករ ៣០គីឡូ ឃិត១(មុង ភួយ ក្រមារ សារ៉ុង )  មី១កេស ត្រី ខ ១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកសុទ្ឋ ១យួរ និងថវិកា៣ម៉ឺនរៀល៕