(កែប)៖ ឆ្នាំនេះរដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំង ដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ប៉ុក ទាំង ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ នេះថា៖ សម្រាប់ពិធីបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ចេីញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន​ និងតំបន់ត្រជាក់របស់ខេត្តកែប​ ទាំង៣ទីតាំង សរុបប្រមាណ ជ១៦១,១៦៨ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៩,៧៨៨ នាក់ កើនឡើង ១,៣៨០ នាក់ ស្មើនឹង ០,៨៦% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១៦០,៤០៥នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៨,៨៩៦ នាក់ កើនឡើង ១,៥០៩ នាក់ ស្មើនឹង ០,៩៤%។

ភ្ញៀវបរទេស មានចំនួន ៧៦៣ នាក់ បើធៀបនិងឆ្នាំ២០២៤ មានចំនួន ៨៩២ នាក់ ថយចុះ ១២៩ នាក់ ស្មើនឹង១៤,៤៦%។ ដោយឡែក រថយន្តសរុប ១៨,៥៦៦ គ្រឿង
ក្នុងនោះរថយន្តតូច ១២,៨៣៦ គ្រឿង រថយន្តមធ្យម ៥,៦៩៥ គ្រឿង
និងរថយន្តធំ ៣៥គ្រឿង។

លោកប្រធានមន្ទីរស្ដីទី បន្តបញ្ជាក់ឲ្យដឹងទៀតថា ចំពោះសភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មិនមានបាតុភាពណាមួយកើតឡើង ដែលបង្កឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។ ចំពោះគ្រោះថ្នាក់ផ្សេងៗ ក៏មិនបង្កឡើងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។

ចំពោះកិច្ចប្រតិបត្តិការវិញ បានចាត់តាំងមន្ត្រីសហការ ជាមួយអាជាធរ និងកំលាំងនគរបាលទេសចរណ៍ ចុះរៀបចំសណ្ដាប់ធ្នាប់ និងរក្សារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តតាមរមណីយដ្ឋានទូទាំងខេត្ត មានសុវត្ថិភាពល្អ។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានលើកបញ្ជាក់ថា រយ:ពេលចូលឆ្នាំនេះ ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅខេត្តកែប សភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ។ ទោះមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើន តែកម្លាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដោយរលូន។

សូមបញ្ជាក់ថា សម្រាប់តំបន់ត្រជាក់ដែលខេត្តកែប បានរៀបចំដាក់អោយប្រជាពលរដ្ឋ កម្សាន្តសប្បាយ ជាមួយការប្រគុំតន្រ្តីផងនោះ មានទីតាំងឆ្នេរលេងទឹកស្រីស (ឆ្នេរកែប), ឆ្នេរអង្កោល និងវត្តភ្នំសរសៀរ៕