(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសមាធិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅក្ដាបែនខាងលិចប្រាសាទអង្គរវត្ត ដើម្បីរំលេចពីផ្នែកមួយរបស់សាសនា ដែលជួយធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរ។
ការរៀបចំពិធីសមាធិ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ជាឱកាសមួយ ក្នុងការឱ្យពុទ្ធបរិស័ទបានជួបជុំគ្នា នៅឯប្រាសាទអង្គរវត្ត ក្នុងបំណងចូលរួមចំណែកបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ពីសារប្រយោជន៍នៃការធ្វើសមាធិ។
ជាមួយនេះដែរ ពិធីនេះក៏បានបណ្តុះស្មារតីចំពោះការធ្វើសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សមាធិជាផ្នែកមួយដែលនាំឱ្យមានសន្តិភាពផ្លូវចិត្តផងដែរ៕