(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរប្រមាណ១.១១០.៩៦៨នាក់ ក្នុងនោះភ្ញៀវបរទេស ១៤១នាក់ បានមកកម្សាន្តក្នុងព្រឹត្តិការណ៍លៀសហាល ចម្ងាយ ១.០០០ម៉ែត្រ ទម្ងន់ ៣តោន នៃសង្ក្រាន្តកំពង់ចាម។ នេះបើតាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh news នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានឱ្យដឹងផងដែរថា ស្របពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តកុះករ ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរខេត្ត រៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ទោះបីជាមានការកកស្ទះចរាចរណ៍នៅពេលថ្ងៃ ប៉ុន្តែបានធូស្រាលទៅវិញបន្ទាប់ពីកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍។

បើតាមយោងតាម ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរ ជាង២លាននាក់។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ ចំនួន៩៣១,៤៤៣ នាក់ ក្នុងទេសចរជាតិសរុបចំនួន ៩៣១,៣១៧ នាក់ និងទេសចរបរទេសសរុបចំនួន ១២៦ នាក់។ ចំណែកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ទទួលបាន ១,១១០,៩៦៨នាក់ ក្នុងនោះទេសចរជាតិសរុបចំនួន ១,១១០,៨២៧ នាក់ និងទេសចរបរទេសសរុបចំនួន ១៤១នាក់៕