រដ្ឋបាលខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ៧៦អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
16-04-2025 12:53
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញរាប់បាត្រព្រះសង្ឃ ចំនួន ៧៦អង្គ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ។
ពិធីរាប់បត្រនេះ បានរៀបចំឡើង នៅទីតាំងសង្ក្រាន្តប៉ៃលិន នាមាត់ស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជាធម្មតាតាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី តែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការៈបូជា អុជទៀនធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ ក្នុងនោះពិធីរាប់បាត្រព្រះសង្ឃ ជាប្រពៃណីខ្មែរយើងពីបរមបុរាណមក ដោយការរាប់បាត្រ គឺដើម្បីបញ្ជូនមគ្គផល ដល់ញាតកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅហើយ ពោលការរាប់បាត្រ ក៏ជាចង្ហាន់ដល់ ព្រះ សង្ឃផង និងដើម្បីឲ្យព្រះសង្ឃ ឧទ្ទិសកុសលដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា ដែលបាន ចែកឋានទៅកាន់លោកខាងមុខផង៕
បើតាមទំនៀមទម្លាប់ពីដូនតាមក ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺប្រព្រឹត្តទៅរយៈពេលចំនួន ៣ថ្ងៃ ដោយថ្ងៃដំបូង ជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវិរៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក រីឯការ កំណត់ ខែ ថ្ងៃ ម៉ោង នាទី ដែល ឆ្នាំចាស់ ត្រូវផុតកំណត់ ហើយ ទេព្តាឆ្នាំថ្មី ត្រូវចុះមកទទួល តំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត ៕