Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាវាយសី បញ្ចប់បេសកកម្មប្រកួតកីឡាជាតិ ខណៈរាជធានីភ្នំពេញ ឈ្នះមេដាយច្រើនជាងគេ

02-11-2016 13:36

(ភ្នំពេញ)៖ កីឡាវាយសី បានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាជាតិ លើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយ បន្ទាប់ពីដំណើរការនៃការប្រកួតអស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែប្រភេទកីឡាមួយចំនួនធំ នៅមិនទាន់បញ្ចប់នោះទេ គ្រាដែលពិធីបិទការប្រកួតផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាចុងសប្តាហ៍តែម្តង។

សម្រាប់លទ្ធផលនៃការប្រកួតកីឡាវាយសីនេះ ចំណាត់ថ្នាក់លេខ១ ចំពោះក្រុមដណ្ដើមបានមេដាយច្រើនជាងគេ គឺបានទៅក្រុមកីឡារាជធានីភ្នំពេញ ដែលដណ្ដើមបានមេដាយសរុប ៥គ្រឿង រួមមានមេដាយមាស ៣វិញ្ញាសា មេដាយប្រាក់ ១វិញ្ញាសា និងមេដាយសំរឹទ្ធ ១វិញ្ញាសា ហើយចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាមកពីខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយមាស ៣វិញ្ញាសា។

លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា «ការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ ទាំងគណៈកម្មការរៀបចំ គណៈកម្មការឲ្យពិន្ទុ និងការប្រកួតរបស់កីឡាករ-កីឡាការិនីជាដើម គឺសុទ្ធតែប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ។ តាមរយៈការប្រកួតនេះ លោករំពឹងថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ កីឡាវាយសីនឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំទទួលក្រុមភ្ញៀវមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងប្លុកអាស៊ាន»

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ មានកីឡា ៥ប្រភេទហើយ ដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ គឺមានកីឡាវាយសី ប៉េតង់ តេក្វាន់ដូ វាយកូនឃ្លីលើតុ និងកីឡាសូរិនហ្សិកាំប៉ូ ខណៈកីឡាកាយសម្ព័ន្ធវិញ គ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកានេះ។ ចំណែកកីឡាកំពុងបន្ដយុទ្ធនាការយ៉ាងក្ដៅគគុកលើទីលាន រួមមានកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ ល្បុក្កតោ បាល់បោះ បាល់ទាត់ បាល់ទះ ប្រដាល់ និងកីឡាវាយកូនបាល់៕