(ព្រះវិហារ)៖ «ព្រះវិហារសង្ក្រាន» ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនមកពីគ្រប់ទិសទី មកលេងកម្សាន្តនៅថ្ងៃទី១៤ ទី១៥ ខែមេសា ឆ្នាំ២០២៥។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានវត្តមានក្នុងពិធីនេះ បានចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយនានាជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងបានទស្សនានូវល្បែងកម្សាន្តប្លែកៗជាច្រើន ក៏ដូចជាការតាំងលក់ផលិតផលជាដើម។
លោកសង្ឃឹមថានៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋ កាន់តែច្រើនថែមទៀតនឹងចូលរួមលេងកម្សាន្ត។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តការណ៍ «ព្រះវិហារសង្ក្រាន្ត» នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០២៥ ដោយបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក និងម៉ាសុីនបាញ់ពពុះសាប៊ូ ការប្រគំតន្រ្តី ការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់កាំជ្រូច និងព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀត៕