(ភ្នំពេញ)៖ លោកឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជូនទារិកាម៉ីម៉ី ដែលមានជំងឺភ្នែកពីកំណើត ទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យជាមួយគ្រូពេទ្យជំនាញហើយ។
លោកឧកញ៉ា បានបញ្ជាក់នៅ Facebook Page ផ្លូវការរបស់លោកថា «ថ្ងៃនេះ អូន ម៉ីម៉ី ចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីធ្វើការពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ។ សូមបងៗជូនពរ អូន ម៉ីម៉ី ផង»។
លោកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនហៅថា ឧកញ៉ាចិត្តធម៌ដ៏មានប្រជាប្រិយភាព និងមានទឹកចិត្តសណ្ដោសប្រណី ដែលបានជួយដល់កិច្ចការសង្គមយ៉ាងច្រើន ដូចជា ការទិញអង្កររាប់តោន ដើម្បីចែកជូនពលរដ្ឋមានជីវភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា និងបានឧបត្ថម្ភថវិកាដល់ កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ពា យ៉ាងច្រើនផងដែរ។ នៅប៉ុន្មានថ្ងៃមុននេះ ក្នុងពិធីខួបកំណើតរបស់កូនស្រី សំណប់ចិត្តរបស់ខ្លួន លោកឧកញ៉ាបានចំណាយលុយជាង២៥ម៉ឺនដុល្លារ ដើម្បីចែកដល់បុគ្គល និងក្រុមកម្មកររបស់លោក។
ជាងនេះទៅទៀត លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបានថ្វាយថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន (ជាង៣២ម៉ឺនដុល្លារ) នៅព្រះបរមរាជវាំងផងដែរ៕