(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលអាចថែរក្សាសន្ដិសុខសន្ដិភាពក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែបានកំពុងក្លាយទៅជាប្រទេសមួយដែលផ្ដល់នូវវិភាគទានយ៉ាងសកម្មដល់ប្រតិបត្តិការរក្សាសន្ដិភាព នៃអង្គការសហប្រជាជាតិថែមទៀត។
លោក ប៉ុល សារឿន បានបន្ថែមទៀតថា លទ្ធផលប្រសើរនេះក៏ព្រោះតែកម្ពុជាបានអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឈរលើគោលការណ៍សាមគ្គីភាព និងឯកភាពជាតិ។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ប៉ុន សារឿន ត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពិធីជូនដំណើរកងកម្លាំងវិស្វកម្មលេខ៤៥៩ ចំនួន២១៦នាក់ ចូលរួមបេសកកម្មរក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិចកណ្ដាល។
នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញចក្ខុវិស័យ ក្នុងគោលដៅនិរន្ដរភាពនៃការអភិវឌ្ឍថ្មី នៃការបញ្ចូលកម្លាំងរក្សាសន្ដិភាព នាពេលអនាគតដោយប្ដេជ្ញាយ៉ាងម៉ុតមាំ លើវិស័យរក្សាសន្ដិភាព ក្នុងការបន្ដចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្ដវិភាគទានរួមចំណែកជាមួយនឹង សហគមន៍អន្ដរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្ដិភាព ជូនប្រទេសដទៃទៀតនៅលើពិភពលោកជាបន្ដបន្ទាប់»។
លោកស្រី Marie Odile Emond តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា កាលពី២ទស្សវត្សមុន កងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកកាន់កម្ពុជា ប៉ុន្ដែបច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំង និងអ្នកជំនាញការរបស់ខ្លួន ទៅចូលរួមប្រតិបត្តិការបេសកកម្មរក្សាសន្ដិភាព ក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្រ្វិកណ្ដាល ឆាដ ស៊ីរី លីបង់ និងម៉ាលី ផងដែរ។ លោកស្រីបន្ថែមថា ក្នុងន័យនេះកម្ពុជាផ្ដល់ការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការសន្ដិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះដែលមានភាពស្មុគស្មាញ និងដើម្បីការពារជនស៊ីវិល ដែលភារកិច្ចដ៏មានសារសំខាន់បំផុត។
លោកស្រី តំណាងអង្គការសហប្រជាជាតិ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកម្លាំងដែលមានចំនួនសរុប ៣,៩៦០នាក់ ដែលក្នុងនោះមាននារីចំនួន១៤៦នាក់ ទីកាន់បេសកកម្មផ្សេងៗ រួមទាំងប្រទេសស៊ីព្រេ។ ការងារនេះធ្វើឲ្យកម្ពុជាក្លាយជាប្រទេសបរិច្ចាគជាប់ចំណាត់ថ្នាក់ទី៣ ក្នុងសហគមន៍អាស៊ាន ព្រមជាមួយនេះ កម្ពុជាក៏គ្រោងនឹងផ្ដល់ការហ្វឹលហ្វឺន ផ្នែកបោសសម្អាតមីនថែមទៀត៕