(ភ្នំពេញ)៖ មានមិត្តអ្នកអានមួយរូបដែលមានទីលំនៅតាមដងផ្លូវជាតិលេខ៥ ហើយបានមើលឃើញពីសកម្មភាពកសាងកំណាត់ផ្លូវនេះដោយក្រុមហ៊ុនចិនមិនទាន់រួចរាល់ស្រួលបួលផង ស្រាប់តែរងនូវការខូចខាតទៅវិញជាបណ្ដើរៗដោយកន្លែងខ្លះបានស្រុតរបកកៅស៊ូទាំងផ្ទាំងៗដែលបង្ហាញអោយឃើញថា ក្រុមហ៊ុនចិនមួយនេះធ្វើផ្លូវគ្មានគុណភាព។
មិត្តអ្នកអានខាងលើបានថតទាំងរូបថត និងវីដេអូពីទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីស្ពានលីយ៉ុងផាត់ព្រែកព្នៅរហូតទៅដល់ស្ពានព្រែកក្ដាម ដែលមានប្រវែងជាង២០គីឡូម៉ែត្រកសាងឡើងដោយក្រុមហ៊ុនចិន រហូតមកដល់ពេលនេះមិនទាន់ហើយស្រួលបួលផងក៏ចាប់ផ្ដើមខូចជាបណ្ដើរៗទៅវិញ កន្លែងខ្លះស្រុតក្លាយទៅជាជង្ហុកសំបុកមាន់ កន្លែងខ្លះប្រេះរបកកៅស៊ូស្ទើគ្រប់ទីកន្លែង។ ក្នុងនោះគេក៏បានឃើញខាងក្រុមហ៊ុនដើរធ្វើការជួសជុលវិញផងដែរ តែក៏មិនធានាជាប់បានយូរដែរ ព្រោះនៅលើតួផ្លូវទាំងមូលត្រូវបានគេវាយតម្លៃថាធ្វើគ្មានគុណភាព ទោះជាជួសជុលកន្លែងនេះ ក៏គង់ថ្ងៃក្រោយខូចនៅកន្លែងផ្សេងដដែលជាដដែល។ មិនតែប៉ុណ្ណោះតួផ្លូវធ្វើមិនទាន់ហើយស្រួលបួល និងមិនទាន់សម្ពោធដាក់អោយប្រើប្រាស់ផង តួផ្លូវទាំងមូលពោពេញទៅដោយស្នាមជួសជុលប៉ះស្ទើរគ្រប់ទីកន្លែង
ស្ទើតែដូចអាវបំណាស់កាលជំនាន់ប៉ុលពតទៅហើយ។
មិត្តអ្នកអានបានសំណូមពរសុំអោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ ដែលជាទីទុកចិត្តរបស់នាយករដ្ឋមន្ត្រី និងជាទីកក់ក្ដៅរបស់ប្រជាពលរដ្ឋក្នុងរឿងធ្វើផ្លូវប្រកបដោយគុណភាពនេះមេត្តាចុះធ្វើការត្រួតពិនិត្យជាបន្ទាន់ផង បើមិនដូច្នេះទេកំណាត់ផ្លូវជាតិលេខ៥ពីព្រែកព្នៅទៅដល់ស្ពានព្រែកក្ដាមនេះ នឹងមានវាសនាមិនខុសពីកំណាត់ផ្លូវជាតិលេខ៧ពីទីរួមខេត្តក្រចេះទៅដល់អូរពងមាន់ខេត្តស្ទឹងត្រែង ដែលធ្វើដោយក្រុមហ៊ុនចិនកាលពីប៉ុន្មានឆ្នាំមុននោះទេ គឺធ្វើហើយមិនទាន់សម្ពោធដាក់អោយប្រើប្រាស់ផងខូចទៅវិញអស់ដោយសារតែការធ្វើកេងសុីបញ្ចេកទេស ធ្វើអោយគ្មានគុណភាព៕