(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អនុប្រធាន នៃក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស បានធ្វើការអំពាវនាវ ឲ្យក្រុមហ៊ុនដឹកជញ្ជួន បន្ដចូលរួមអនុវត្តវិធានការ ត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស ខណៈដែលក្រុមការងារបច្ចេកទេស បន្ដអនុវត្តវិធានការនេះ ដោយតម្លាភាព និងពុំមានការរើសអើង និងមិនរាថយឡើយ។
លោក គឹម សន្ដិភាព បានបញ្ជាក់ នៅលើទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «ក្នុងនាមខ្លួនខ្ញុំជាអនុប្រធាន នៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សូមបញ្ជាក់ជូនបងប្អូនថា ក្រុមការងារយើងខ្ញុំនឹងបន្តអនុវត្តវិធានការនេះ ដោយតម្លាភាព និងពុំមានការរើសអើង និងមិនមានការរាថយឡើយ ទោះរថយន្តមានសញ្ញាសំគាល់អ្វីក៏ដោយ! សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ចូលរួមអនុវត្តវិធានការនេះដោយស្ម័គ្រចិត្ត!»។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទុកពេលឲ្យម្ចាស់រថយន្ត ដែលតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេសអស់ជាច្រើនខែមកហើយឲ្យពួកគេកាត់ទម្លាក់ទ្រុងរថយន្ត ដែលតខុសបច្ចេកទេស។
តែទោះបីជាយ៉ាងណាតាមរយៈប្រតិបត្តិការនាព្រឹកថ្ងៃទី២៧ ខែតុលាកន្លងទៅ គេនៅរកឃើញរថយន្តជាច្រើនបន្តបំពានច្បាប់ ហើយខ្លះទៀត ក៏កំពុងកែតម្រូវការតទ្រុងរបស់ពួកគេផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធានាការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ធ្លាប់បានប្រកាសថា វិធានការលើរថយន្តតទ្រុង និងកែច្នៃខុសបច្ចេកទេសមិនមានការដកថយ ហើយក៏អត់មានលើកលែងចំពោះជនមានអំណាចនោះឡើយ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងដើម្បីចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ៕