(បាត់ដំបង)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវជាតិ និងអន្តរជាតិចំនួន ៤០៦,៧៩៥នាក់ បានមកលេងកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាននានា និង «សង្រ្កានបាត់ដំបង» ក្នុងក្រុងបាត់ដំបង។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នាថ្ងៃសង្ក្រាន្ត១ថ្ងៃនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទស្សនានៅតាមទីកន្លែងកម្សាន្តរមណីយដ្ឋាននានា និងនៅទីតាំង «សង្រ្កាន្តបាត់ដំបង» ចំនួន៤០៦,៧៩៥នាក់ ក្នុងនោះមានកើនឡើង ២.៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិ ៤០៦,០១៥នាក់ កើនឡើង ២.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិ ៧៨០នាក់ កើនឡើង ៨.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ បានលម្អិតជូនខាងលើរួចហើយសម្រាប់ភ្ញៀវទេសចរមកលេងស្រុកកំណើត និងភ្ញៀវបានឆ្លងកាត់មកលេងក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលរួមកម្សាន្ត «សង្រ្កាន្តបាត់ដំបង» មានជាច្រើននាក់យ៉ាងសប្បាយរីករាយ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីដែលគួរឱ្យគាត់សម្គាល់នោះទេ៕